ដំណើរការវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ និងតំបន់ ឆ្ពោះទៅការពង្រឹងគុណភាព និងសមត្ថភាពវិជ្ជាជីវៈ! រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោក ឆាយ គឹមហួន អនុប្រធានការិយាល័យបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ តំណាងឱ្យលោកបណ្ឌិត ជួប រតនា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើវត្តមាន-អវត្តមាន ពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ព្រមទាំងពិភាក្សាលើករណីផ្សេងៗ ដើម្បីសម្រួលដល់ដំណើរការសិក្សារបស់សិក្ខាកាម និងរៀបចំបង្កើតក្រុមការងារសម្រាប់កិច្ចការស្រាវជ្រាវតាមមុខវិជ្ជាស្នូលមួយចំនួន។ សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ ដែលកំពុងប្រព្រឹត្តទៅនៅសាកលវិទ្យាល័យធនធានមនុស្ស (HRU) បានដំណើរការមកដល់សប្តាហ៍ទី៦ ហើយ ដោយបានបញ្ចប់មុខវិជ្ជាសំខាន់ៗជាច្រើនរួចរាល់។ ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ ក៏បានបញ្ចប់ និងកំពុងបន្តសិក្សាមុខវិជ្ជាសំខាន់ៗ ដូចខាងក្រោម៖ ១. មុខវិជ្ជា «ទេវកថា» (បានបញ្ចប់) ២. មុខវិជ្ជា «វិធីសាស្ត្រដឹកនាំទេសចរ» (កំពុងបន្តសិក្សា)