ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ក្រសួងទេសចរណ៍ ដោយមានការសហការពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និងផ្នែកពាក់ព័ន្ធ មានកិត្តិយសសូមអញ្ជើញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចូលរួមទស្សនា និងទទួលយកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» (Angkor Glowing Night) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការជំរុញការទស្សនាប្រាសាទនាពេលរាត្រី និងការធ្វើពិពិធកម្មទេសចរណ៍ពេលរាត្រី តាមរយៈការរួមបញ្ចូលគ្នារវាងភាពអស្ចារ្យនៃស្ថាបត្យកម្មបុរាណខ្មែរ និងសិល្បៈពន្លឺ ដើម្បីផ្តល់ជូននូវទស្សនីយភាពដ៏ល្អឯក ក៏ដូចជាការលើកកម្ពស់កិត្យានុភាពវប្បធម៌ និងសក្តានុពលទេសចរណ៍នាពេលរាត្រីរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក។
🌟 ភាពទាក់ទាញ និងគុណតម្លៃនៃព្រឹត្តិការណ៍៖
-បទពិសោធន៍ទស្សនាប្រាសាទនាពេលរាត្រីដ៏កម្រ៖ គយគន់សម្រស់ប្រាង្គប្រាសាទបុរាណក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ ត្រជាក់ត្រជុំ និងពោរពេញដោយភាពទាក់ទាញខុសប្លែកពីពេលថ្ងៃ ដែលរំលេចឡើងក្រោមពន្លឺភ្លើងសិល្បៈយ៉ាងរស់រវើកក្រោមពន្លឺព្រះចន្ទ ទាំងពេលរាត្រី និងពេលទៀបភ្លឺ។
-ការលើកកម្ពស់កិត្យានុភាពជាតិ និងការផ្សព្វផ្សាយ ៖ បង្ហាញពីភាពអស្ចារ្យនៃតំបន់បេតិកភណ្ឌពិភពលោក កសាងម៉ាកយីហោជាតិ (National Branding) លើឆាកអន្តរជាតិ ព្រមទាំងផ្តល់ជូនអ្នកចូលរួមនូវបទពិសោធន៍ដ៏មានតម្លៃ និងមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ តាមរយៈការផ្តិតយករូបភាពដ៏ស្រស់ស្អាត ក៏ដូចជាបានចូលរួមចែករំលែកពីភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា។
-ការជំរុញចលករសេដ្ឋកិច្ចមូលដ្ឋាន និងជាតិ៖ ចូលរួមផ្សព្វផ្សាយពីសុខសុវត្ថិភាព និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍ក្នុងស្រុក ដើម្បីបង្កើនរយៈពេលស្នាក់នៅ និងកម្រិតចំណាយរបស់ភ្ញៀវទេសចរ ពង្រឹងភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមទស្សនទានយុទ្ធសាស្ត្រ «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស»។
📍 🗓️ ទីតាំង និងកាលវិភាគ (ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦)៖
១. ប្រាសាទអង្គរវត្ត
-ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់
-ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់
២. ប្រាសាទបាយ័ន
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់
៣. ខ្លោងទ្វារទន្លេអុំ
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់
🎟️ បញ្ជាក់៖ ការចូលរួមទស្សនាដោយសេរី
សូមអញ្ជើញចូលរួមទស្សនា និងចែករំលែកភាពអស្ចារ្យនៃ «ពន្លឺរាត្រីអង្គរ» (Angkor Glowing Night) ឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌ជាតិយើងទាំងអស់គ្នា!