(ប្រទេសអាល្លឺម៉ង់)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានចែករំលែកបទពិសោធន៍ និងការអនុវត្តរបស់កម្ពុជាក្នុងការភ្ជាប់ការអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅនឹងពិភពការងារជាក់ស្តែង នៅក្នុងឱកាសចូលរួម International UNESCO Chair Conference 2026 ក្រោមប្រធានបទ “International Cooperation in Higher Education and TVET – Bridging the Gap between Theory and Practice” ដែលប្រព្រឹត្តទៅនៅទីក្រុង Dortmund សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ការចែករំលែកបានផ្តោតលើការអនុវត្ត Work-Integrated Learning (WIL) និង Work-Based Learning (WBL) ក្នុងវិស័យទេសចរណ៍ ដែលជាយន្តការសំខាន់ក្នុងការភ្ជាប់ ទ្រឹស្តីទៅនឹងការអនុវត្ត តាមរយៈការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ការអនុវត្តជាក់ស្តែងនៅកន្លែងការងារ និងកិច្ចសហការរវាងស្ថាប័នអប់រំ ស្ថាប័នបណ្តុះបណ្តាល វិស័យសាធារណៈ និងវិស័យឯកជន។
ការអនុវត្តទាំងនេះត្រូវបានភ្ជាប់ជាមួយ ក្របខណ្ឌគុណវុឌ្ឍិជាតិ និងក្របខណ្ឌគុណវុឌ្ឍិអាស៊ាន (ASEAN Common Competency Standards for Tourism Professionals – ACCSTP) និង ក្របខណ្ឌទទួលស្គាល់គ្នាទៅវិញទៅមកសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN Mutual Recognition Arrangement on Tourism Professionals – ASEAN MRA-TP) ដើម្បីលើកកម្ពស់ភាពស្របគ្នានៃស្តង់ដារ ការបណ្តុះបណ្តាល ការវាយតម្លៃ និងការទទួលស្គាល់សមត្ថភាពវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ាន។ ការប្រើប្រាស់ស្តង់ដា និងឧបករណ៍របស់អាស៊ាននេះ រួមជាមួយនឹង Competency-Based Training and Assessment (CBT/A) និងការរៀនសូត្រផ្អែកលើការងារ អាចជួយពង្រឹងការតភ្ជាប់រវាង TVET – Industry – Labour Market និងបង្កើនភាពចល័តនៃជំនាញវិជ្ជាជីវៈនៅក្នុងតំបន់។
ជាពិសេស លោកបណ្ឌិតក៏បានលើកឡើងពីការអនុវត្ត កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (Hospitality Kampuchea – HoKa) និង កម្មវិធីហាត់ការវិជ្ជាជីវៈ (Professional Industry Placement – PIP) ដែលផ្តល់ឱកាសដល់យុវជន និងអ្នកសិក្សា ក្នុងការទទួលបានចំណេះដឹងទ្រឹស្តី ជំនាញបច្ចេកទេស និងបទពិសោធន៍ការងារជាក់ស្តែងនៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ការអនុវត្ត WIL និង WBL ក៏ជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍ ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យមានជំនាញ សមត្ថភាព និងភាពត្រៀមខ្លួនស្របតាមតម្រូវការទីផ្សារការងារ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូរវាង Higher Education, TVET និងឧស្សាហកម្មទេសចរណ៍។
ការចែករំលែកបទពិសោធន៍នេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗជាមួយស្ថាប័នអប់រំ និងបណ្តុះបណ្តាលមកពីប្រទេសផ្សេងៗ ដើម្បីរួមគ្នាកាត់បន្ថយគម្លាតរវាង “Theory and Practice” និងពង្រឹងគុណភាពជំនាញវិជ្ជាជីវៈឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការនៃពិភពការងារនាពេលអនាគត។









