ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងទទួលបានការណែនាំបន្ថែមរបស់ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. លោក ពុទ្រា សោភ័ណ្ណរ៉ា អនុប្រធាននាយកដ្ឋាន បានអញ្ជើញចូលរួមសិក្ខាសាលាបច្ចេកទេសពិនិត្យ និងកែរសម្រួលកញ្ចប់ឯកសារបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ នៅមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។
សិក្ខាសាលាបច្ចេកទេសនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ័សាត់ មន្ត្រីសម្របសម្រួលថ្នាក់ខេត្តនៃអង្គការស្វើសខន់ថាក់ លោក/លោកស្រី ជាគ្រូបង្គោលហូកា លោក/លោកស្រី មន្ត្រីមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងទាំង១២ សរុបប្រមាណ ១៧នាក់។
សិក្ខាសាលានេះមានគោលបំណងពិនិត្យឡើងវិញនូវខ្លឹមសារ និងរចនាសម្ព័ន្ធនៃកញ្ចប់ឯកសារបណ្តុះបណ្តាល ដើម្បីធានាថាមេរៀន និងសម្ភារបណ្តុះបណ្តាលមានភាពត្រឹមត្រូវ ច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអនុវត្តការងារ និងស្របតាមស្តង់ដាជំនាញវិជ្ជាជីវៈទេសចរណ៍។ ជាមួយគ្នានេះ ក៏ជាឱកាសសម្រាប់អ្នកជំនាញ និងភាគីពាក់ព័ន្ធចែករំលែកបទពិសោធន៍ ផ្តល់ធាតុចូលបច្ចេកទេស និងពិភាក្សាលើចំណុចដែលត្រូវកែលម្អ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបណ្តុះបណ្តាល។
គួររំលឹកផងដែរថា ក្រសួងទេសចរណ៍តាមរយៈអនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍មានបែងចែកជា ៥ប្រភេទរួមមាន៖
១.មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ពិសេស
២.មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ
៣.មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់
៤.មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ថ្នាក់ក្រោមជាតិ
៥.មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍។
តាមរយៈកិច្ចសហការរវាងក្រសួងទេសចរណ៍ និងអង្គការ Swisscontact ការរៀបចំ និងកែលម្អកញ្ចប់ឯកសារបណ្តុះបណ្តាលនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ បង្កើនគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ព្រមទាំងអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាព និងជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយគុណភាព បរិយាបន្ន និងចីរភាព។



















