រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិធីអបអរសាទរខួប១០ឆ្នាំ នៃភាពជាដៃគូអាជីវកម្មកាហ្វេដែលប្រសើរជាងគេរបស់ក្រុមហ៊ុន Gurmant Beverage Solutions (GBS) ដែលបានរៀបចំឡើង
នៅសណ្ឋាគារ RoseWood រាជធានីភ្នំពេញ ដោយមានការចូលរួមពីសហស្ថាបនិកក្រុមហ៊ុន និងតំណាងដៃគូរអាជីវកម្មរបស់ក្រុមហ៊ុនប្រមាណ ១០០រូប។
ថ្លែងក្នុងសុន្ទរថាបើក ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើរការសួរសុខទុក្ខ អបអរសាទរ និងបានគូសរំលេចពីដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយបានយកចិត្តទុកដាក់ខ្ពស់ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ រួមទាំងវិស័យកាហ្វេផងដែរ និងបានជំរុញលើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការពង្រឹងសមត្ថភាព របស់អ្នកកំពុងបម្រើការងារនៅ សំដៅទទួលបានចំណេះដឹង និងសមត្ថភាព ពិតប្រាកដ ព្រមទាំងប្រែក្លាយជាមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងឥរិយាបទល្អ ដើម្បីបម្រើសេវាកម្មប្រកបដោយផលិតភាពការងារខ្ពស់ និងផ្តល់នូវភាពពេញចិត្តដល់អតិថិជន និងភ្ញៀវទេសចរផងដែរ។
គួររំលឹកផងដែរថា កន្លងមក ក្រុមហ៊ុន GBS បានផ្តល់នូវកិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ក្នុងការបណ្តុះបណ្តាលជំនាញឆុងកាហ្វេដល់អ្នកជំនាញទេសចរណ៍នៅតាមបណ្តារាជធានីខេត្ត រួមមាន៖ (១)គ្រូបង្គោលជំនាញឆុងកាហ្វេសរុប ៤៥ នាក់ (ស្រ្តី ២២នាក់) (២)វគ្គពង្រឹងសមត្ថភាពបន្ថែមជូនដល់គ្រូបង្គោលទាំង ៤៥ នាក់ ចំនួន១វគ្គ ព្រមទាំងបានចុះសិក្សាស្វែងយល់ផ្ទាល់ពីរបៀបលីងគ្រាប់កាហ្វេ នៅទីតាំងក្រុមហ៊ុន Gourmet Beverage Solutions (GBS) រាជធានីភ្នំពេញ (៣)ចូលរួមគាំទ្រដល់ការចេញបណ្តុះបណ្តាលលើកដំបូងរបស់គ្រូបង្គោលហូកា នៅតាមបណ្តាខេត្តគោលដៅចំនួន ៧ រួមមាន៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន (៤)ចូលរួមផ្សព្វផ្សាយពីជំនាញឆុងកាហ្វេនិងលាយភេសជ្ជៈនៅក្នុងកម្មវិធីពិព័រណ៌ការងារនិងជំនាញរបស់ក្រសួងទេសចរណ៍ និង(៥)បានបើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញឆុងកាហ្វេកម្រិតមធ្យមដល់សិក្ខាកាមចំនួន ២២រូប នៅរាជធានីភ្នំពេញ។
ក្នុងឱកាសខួប ១០ឆ្នាំនេះ ក្រសួងទេសចរណ៍បានអបអរសាទរចំពោះក្រុមហ៊ុន GBS ចំពោះសមិទ្ធផល និងការរីកចម្រើនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ព្រមទាំងសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមហ៊ុន នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើការបណ្តុះបណ្តាលជំនាញឆុងកាហ្វេ ការលាយភេសជ្ជៈ និងជំនាញពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។











