ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១១-១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការណែនាំបន្ថែមពីលោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. លោក ហូ ឧត្តម ប្រធានការិយាល័យនៃនាយកដ្ឋានបានបញ្ចប់ដោយជោគជ័យកម្មវិធីហាត់ការវិជ្ជាជីវៈតាមមូលដ្ឋានអាជីវកម្ម ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅ MALIS SIEM REAP RESTAURANT ខេត្តសៀមរាប។
ក្នុងអំឡុងពេលហាត់ការ លោកបានសិក្សាស្វែងយល់ពី ការរៀបចំ និងគ្រប់គ្រងសេវាកម្ម ការរៀបចំតុ និងឧបករណ៍បរិភោគ (Table Setting) ការរៀបចំតុមុនទទួលភ្ញៀវ (Mise en Place) ការទទួល និងស្វាគមន៍ភ្ញៀវ ការណែនាំម៉ឺនុយ និងការទទួលការកុម្ម៉ង់ ការបម្រើម្ហូបអាហារ និងភេសជ្ជៈ ការរៀបចំតុឡើងវិញ (Table Resetting) និងការបញ្ចប់សេវាកម្មប្រកបដោយវិជ្ជាជីវៈ។
ជាមួយគ្នានេះ លោកក៏បានពង្រឹងជំនាញក្នុងការអនុវត្ត ស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារ ការរក្សាអនាម័យបុគ្គល និងបរិស្ថានការងារ ការគ្រប់គ្រងឧបករណ៍ និងសម្ភារៈសេវាកម្ម ការការពារការបំពុលឆ្លង (Cross-contamination) និងការយល់ដឹងអំពីការរក្សាគុណភាពម្ហូបអាហារ និងភេសជ្ជៈ មុនពេលផ្តល់ជូនភ្ញៀវ និងនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ក្នុងការផ្តល់សេវា ការគ្រប់គ្រងការកុម្ម៉ង់ និងការសម្របសម្រួលជាមួយផ្នែកចុងភៅ ដើម្បីធានាឱ្យការបញ្ជូនម្ហូបអាហារ និងភេសជ្ជៈមានភាពត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការរបស់ភ្ញៀវ។
ក្រោយបញ្ចប់កម្មវិធី ចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន នឹងអាចយកទៅអនុវត្តក្នុងការងារ ជាពិសេសការចូលរួម ពង្រឹង និងអភិវឌ្ឍការបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋានអាជីវកម្ម ព្រមទាំងចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗទៅកាន់សិក្ខាកាម និងអ្នកជំនាញទេសចរណ៍។
ការចុះហាត់ការនេះ គឺជាផ្នែកមួយនៃការពង្រឹង សមត្ថភាពមន្ត្រី និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការរៀនសូត្រពីបរិយាកាសការងារជាក់ស្តែង និងការអនុវត្តតាមស្តង់ដាវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងការអភិវឌ្ឍវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជាឱ្យកាន់តែមានគុណភាព និងប្រកួតប្រជែង។






