ព័ត៌មាន និងការប្រកាស

អបអរសាទរសិក្ខាកាមទាំង ៦១ រូប ដែលត្រូវបានជ្រើសរើសឱ្យទទួលការបណ្តុះបណ្តាលជាមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ!

2026-07-11 Facebook Sync
អបអរសាទរសិក្ខាកាមទាំង ៦១ រូប ដែលត្រូវបានជ្រើសរើសឱ្យទទួលការបណ្តុះបណ្តាលជាមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ!
អបអរសាទរសិក្ខាកាមទាំង ៦១ រូប ដែលត្រូវបានជ្រើសរើសឱ្យទទួលការបណ្តុះបណ្តាលជាមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ!
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល «មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨» នៅសាខាសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងមន្ទីរទេសចរណ៍ អង្គការ សមាគម លោក លោកស្រី ជាគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ-អាស៊ាន ព្រមទាំងភាគីពាក់ព័ន្ធនានា សរុបប្រមាណ ១៥០ រូប។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ង៉ូវ សេងកាក់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការប្រឡង ដែលក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យដៃគូបានខិតខំរៀបចំឡើងស្របតាមវិធាន និងគោលការណ៍កំណត់ជាក់លាក់។ ឯកឧត្តមបានលើកទឹកចិត្តដល់សិក្ខាកាមជ័យលាភីទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនជាធនធានមនុស្សដ៏មានតម្លៃ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការរួមចំណែកថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ ព្រមទាំងផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាពនៅក្នុងខេត្តសៀមរាប និងបណ្តាខេត្តជុំវិញ ជាពិសេសនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ថ្លែងក្នុងពិធីបើកវគ្គនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ប៉ាក់ សុខុម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការទទួលបន្ទុករៀបចំការប្រឡងដែលបានដឹកនាំមន្ត្រីជំនាញរៀបចំដំណើរការប្រឡងរហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ដែលតែងតែផ្តល់កិច្ចសហការគាំទ្រ និងខិតខំប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត (Hard and Soft Infrastructure) ព្រមទាំងការពង្រឹងគុណភាពសេវាកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស។ កិច្ចខិតខំប្រឹងប្រែងនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងប្រែក្លាយខេត្តសៀមរាបឱ្យទៅជាតំបន់គោលដៅទេសចរណ៍ដ៏ពិសិដ្ឋ ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ពន្យារពេលស្នាក់នៅឱ្យបានយូរ និងបង្កើនចំណូលដល់សហគមន៍មូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងសាខាសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចសហការរៀបចំប្រឡងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មន្ទីរទេសចរណ៍ខេត្តសៀមរាប និងខេត្តជុំវិញ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមទេសចរណ៍កម្ពុជា (CATA) និងអ្នកសារព័ត៌មាន ដែលបានសហការចូលរួមតាមដាន និងសង្កេតការណ៍ដំណើរការប្រឡង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។ ជាលទ្ធផល គណៈកម្មការបានស្វែងរកឃើញបេក្ខជនដែលមានសមត្ថភាពពិតប្រាកដ និងប្រឡងជាប់ជាស្ថាពរចំនួន ៦១ រូប ក្នុងចំណោមបេក្ខជនប្រឡងជាក់ស្តែងចំនួន ៧៩ រូប។ លទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលការណ៍ «អ្នកចេះគឺជាប់ ហើយជាប់ដោយសមត្ថភាព រីឯអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្ត» ដែលបង្ហាញពីភាពស្អាតស្អំ យុត្តិធម៌ និងតម្លាភាពនៃដំណើរការប្រឡង ព្រមទាំងជាសារដ៏សំខាន់ជូនដល់សាធារណជន ដែលមានបំណងចង់ក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍អាជីព។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេលសរុប ៧ ខែ (ការសិក្សាទ្រឹស្តីរយៈពេល ៥ ខែ ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងការចុះកម្មសិក្សាស្រាវជ្រាវជាក់ស្តែងរយៈពេល ២ ខែ)។ សិក្ខាកាមជ័យលាភីទាំង ៦១ រូប មាន ៨ ភាសាឯកទេស សុទ្ធសឹងជាភាសាកម្រ ដោយក្នុងនោះ៖ ១. ភាសាបារាំង៖ ៣៦ រូប ២. ភាសាអេស្ប៉ាញ៖ ១០ រូប ៣. ភាសារុស្ស៊ី៖ ៣ រូប ៤. ភាសាអាល្លឺម៉ង់៖ ៣ រូប ៥. ភាសាវៀតណាម៖ ២ រូប ៦. ភាសាអ៊ីតាលី៖ ២ រូប ៧. ភាសាជប៉ុន៖ ៤ រូប ៨. ភាសាម៉ាឡេស៊ី៖ ១ រូប
ក្រោយពីការបញ្ចប់វគ្គសិក្សាដោយជោគជ័យ សិក្ខាកាមទាំងអស់នឹងមានសិទ្ធិពេញលេញក្នុងការស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ពីក្រសួងទេសចរណ៍ ដើម្បីប្រកបវិជ្ជាជីវៈជាមគ្គុទ្ទេសក៍ទេសចរណ៍ស្របច្បាប់។

Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn