ក្នុងឱកាសនៃព្រឹត្តិការណ៍ «ទិវាជំនាញហូកា ឆ្នាំ២០២៦» ក្រោមប្រធានបទគោល «ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈការសិក្សាពេញមួយជីវិត (Skills for a Shared Future: Empowering Tourism Professionals through Lifelong Learning)» ក៏មានការរៀបចំកិច្ចពិភាក្សាលើប្រធានបទទី៣ ស្តីពី «ពង្រឹងកិច្ចសហការសម្រាប់កម្លាំងពលកម្មជំនាញ និងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍៖ ពង្រឹងកិច្ចសហការសម្រាប់ជំនាញ ការងារ និងកំណើនប្រកបដោយចីរភាពនៃវិស័យទេសចរណ៍» ដោយផ្តោតលើការពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញសមស្របតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យទេសចរណ៍។
កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយ លោកស្រី សាយ៉ា ម៉ារតា សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អេធីភីខន់សាល់ធេន ខូអិលធីឌី និងមានការចូលរួមពីវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ និងជំនាញមកពីស្ថាប័នរដ្ឋ ទីភ្នាក់ងារជាតិដែលពាក់ព័ន្ធនឹងការងារ និងវិស័យឯកជន រួមមាន៖
១. លោក សុវត្ថិធី ម៉ាលីយ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។
២. លោក មុំ ពៅ ប្រធានផ្នែកប្រមូល និងផ្សព្វផ្សាយព័ត៌មាន នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ។
៣. លោកស្រី ថោ សុធា ស្ថាបនិកហាងកាហ្វេម្លប់សន្តិភាព ខេត្តពោធិ៍សាត់។
៤. លោកស្រី ថែ ដាឡែន អគ្គនាយិកានៃភោជនីយដ្ឋានបាយ័ន និង RDTM Group។
៥. លោកស្រី នាគ រ៉ូហានី សហស្ថាបនិកនៃក្រុមហ៊ុន Gourmet Beverage Solution។
តាមរយៈកិច្ចពិភាក្សានេះ វាគ្មិនបានចែករំលែកទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងតម្រូវការជំនាញក្នុងទីផ្សារការងារ ការផ្គូផ្គងជំនាញរបស់អ្នកស្វែងរកការងារជាមួយតម្រូវការរបស់និយោជក និងការបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកក្នុងវិស័យទេសចរណ៍។ ជាពិសេស កិច្ចពិភាក្សាបានបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការចូលរួមកំណត់តម្រូវការជំនាញ ការផ្តល់ឱកាសហាត់ការ និងការងារជាក់ស្តែង ព្រមទាំងការគាំទ្រដល់ការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការរបស់សហគ្រាស និងគ្រឹះស្ថានអាជីវកម្មទេសចរណ៍។
ជាមួយគ្នានេះ ការពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងការជំរុញការរៀនសូត្រពេញមួយជីវិត គឺជាកត្តាចាំបាច់ក្នុងការលើកកម្ពស់ផលិតភាពការងារ គុណភាពសេវាកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់កម្លាំងពលកម្មទេសចរណ៍។ ការអភិវឌ្ឍជំនាញឱ្យស្របតាមការវិវត្តនៃទីផ្សារ និងតម្រូវការរបស់ភ្ញៀវទេសចរ នឹងជួយបង្កើនឱកាសការងារ ជំរុញភាពរីកចម្រើននៃអាជីវកម្ម និងបង្កើតតម្លៃបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន។












