ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. រួមជាមួយឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានជួបផ្ទាល់ជាមួយប្រធានក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប ប្រមាណ ១០០រូប ដើម្បីជំរុញការចុះឈ្មោះក្នុងថ្នាលឌីជីថល (CAMIE) និងការទាញយកបណ្ណជំនាញ (Skill Vouchers) ដើម្បីទទួលបានការបណ្តុះបណ្តាលបឋមលើជំនាញវិជ្ជាជីវៈទេសចរណ៍ តាមឧបនិស្ស័យអាជីវកម្មរៀងៗខ្លួន។
ជំនួបនេះ មានគោលបំណងផ្សព្វផ្សាយ និងណែនាំដល់អ្នកដែលកំពុងប្រកបអាជីវកម្ម និងមុខរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះក្នុងថ្នាលឌីជីថល CAMIE និងការទទួលបានបណ្ណជំនាញ (Skill Vouchers) ដែលជាឱកាសសម្រាប់ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្អែកលើតម្រូវការ និងប្រភេទអាជីវកម្មរបស់ខ្លួន។
តាមរយៈការប្រើប្រាស់ថ្នាលឌីជីថល CAMIE និងបណ្ណជំនាញ (Skill Vouchers) អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ នឹងមានឱកាសកាន់តែទូលំទូលាយក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញសមស្របនឹងមុខរបររបស់ខ្លួន និងបន្តអភិវឌ្ឍសមត្ថភាពពីកម្រិតមូលដ្ឋានទៅកម្រិតខ្ពស់ សំដៅរួមចំណែកបង្កើនផលិតភាពការងារ គុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។












