ក្នុងឱកាស «ទិវាជំនាញហូកា ឆ្នាំ២០២៦ (HoKa Skills Day 2026)» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ រួមជាមួយប្រតិភូ បានអញ្ជើញទស្សនាការតាំងបង្ហាញជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលបង្ហាញពីសមត្ថភាព បច្ចេកទេស និងការអនុវត្តការងារជាក់ស្តែងរបស់អ្នកជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។
ការតាំងបង្ហាញនេះរួមមាន ជំនាញឆុងកាហ្វេ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញលាយស្រា និងភេសជ្ជៈ ជំនាញសេវាកម្មស្រាទំពាំងបាយជូរ ជំនាញរៀបចំបន្ទប់ និងជំនាញម៉ាស្សា។ សកម្មភាពទាំងនេះបានបង្ហាញពីភាពចម្រុះនៃជំនាញវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងសារៈសំខាន់នៃចំណេះដឹង បច្ចេកទេស ភាពប៉ិនប្រសប់ ការយកចិត្តទុកដាក់ និងអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងឆ្លើយតបទៅនឹងការរំពឹងទុករបស់ភ្ញៀវទេសចរ។
ការតាំងបង្ហាញជំនាញនេះមិនត្រឹមតែជាវេទិកាសម្រាប់បង្ហាញសមត្ថភាពរបស់អ្នកជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតម្លៃនៃជំនាញវិជ្ជាជីវៈ និងសក្តានុពលនៃការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ជាមួយគ្នានេះ ការបង្ហាញពីការអនុវត្តជាក់ស្តែងបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់នៃការបណ្តុះបណ្តាលជំនាញ ដែលជួយឱ្យសិក្ខាកាម និងអ្នកបម្រើការងារបង្កើនសមត្ថភាព បង្កើតទំនុកចិត្ត និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការបំពេញការងារប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា «ទិវាជំនាញហូកា ឆ្នាំ២០២៦» ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈការសិក្សាពេញមួយជីវិត (Skills for a Shared Future: Empowering Tourism Professionals through Lifelong Learning)» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃជំនាញវិជ្ជាជីវៈ ជំរុញការសិក្សាពេញមួយជីវិត និងការអភិវឌ្ឍអាជីព ព្រមទាំងពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន។
ព្រឹត្តិការណ៍នេះក៏មានគោលដៅផ្សារភ្ជាប់ការបណ្តុះបណ្តាលជំនាញទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ដើម្បីធានាថាកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍មានចំណេះដឹង ជំនាញ និងសមត្ថភាពស្របតាមស្តង់ដាវិជ្ជាជីវៈ។ ការពង្រឹងសមត្ថភាពធនធានមនុស្ស និងការលើកកម្ពស់វប្បធម៌នៃការរៀនសូត្រជាបន្តបន្ទាប់ នឹងរួមចំណែកបង្កើនផលិតភាពការងារ កែលម្អគុណភាពសេវាកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។



















