គណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចណ៍សហការជាមួយអង្គការស្វីសខន់ថាក់ (Swisscontact) បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាហូកា (Hoka) លើជំនាញចុងភៅ!
គណៈកម្មាធិការដឹកនាំគម្រោងហូកា (HoKa Steering Committee) នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការស្វីសខន់ថាក់ (Swisscontact) បានរៀបចំបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញចុងភៅ (ផ្នែកទ្រឹស្តី) តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសិក្ខាកាមសរុបចំនួន ២០ រូប រួមមានមន្ត្រីមន្ទីរទេសចរណ៍ ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកផ្នែកផលិតកម្មម្ហូបអាហារ មកពីបណ្តាខេត្តគោលដៅនៃគម្រោង។
ក្នុងរយៈពេល ៤ ថ្ងៃនៃវគ្គសិក្សាទ្រឹស្តីនេះ សិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលលើចំណេះដឹង និងឥរិយាបថវិជ្ជាជីវៈស្របតាមកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (HoKa)៖
១. ការបង្កើនប្រសិទ្ធភាពការងារជាមួយក្រុមការងារ និងបុគ្គលិកផ្ទះបាយ
២. ការសម្អាត និងថែទាំឧបករណ៍សម្ភារៈផ្ទះបាយ
៣. គោលការណ៍ និងការអនុវត្តល្អរបស់អ្នកជំនាញចុងភៅ
៤. បច្ចេកទេសមូលដ្ឋាននៃការចម្អិន
បន្ទាប់ពីបញ្ចប់វគ្គទ្រឹស្តី សិក្ខាកាមទាំងអស់នឹងត្រូវបន្តវគ្គអនុវត្តផ្ទាល់ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅសាលាចម្អិនម្ហូប សេង សុភ័ស្ស ក្នុងខេត្តសៀមរាប។ ដើម្បីធានាបាននូវគុណភាពបណ្តុះបណ្តាល សិក្ខាកាមនឹងត្រូវឆ្លងកាត់ការវាយតម្លៃសមត្ថភាពលើ ៣ វិញ្ញាសា៖ វិញ្ញាសាសរសេរ វិញ្ញាសាសម្ភាសន៍ និងវិញ្ញាសាអនុវត្តផ្ទាល់។
សូមបញ្ជាក់ថា នេះគឺជាវគ្គបណ្តុះបណ្តាលជំនាន់ទី២ សម្រាប់ឆ្នាំ២០២៦ ខណៈដែលវគ្គបណ្តុះបណ្តាលជំនាន់ទី១ (ផ្នែកទ្រឹស្តី) បានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកុម្ភៈ ហើយវគ្គអនុវត្តផ្ទាល់សម្រាប់ជំនាន់ទី១ ដែលមានសិក្ខាកាម ១៧ រូប នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។












