រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឈុន មករា អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញជួបពិភាក្សាជាមួយលោក BEN WONG នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Informa Markets និងក្រុមការងារ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ និងត្រៀមរៀបចំព្រឹត្តិការណ៍ CAMFOOD&CAMHOTEL 2027 នាពេលខាងមុខ។
ឯកឧត្តមអគ្គនាយក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន Informa Market ចំពោះជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ CAMFOOD & CAMHOTEL កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមក ដែលបានរួមចំណែកបង្កើតឱកាសធុរកិច្ច ការផ្សារភ្ជាប់បណ្តាញពាណិជ្ជកម្ម និងផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍ឆ្នាំ២០២៧ ជាមួយក្រុមហ៊ុន Informa Markets ឱ្យកាន់តែមានភាពទូលំទូលាយ និងទាក់ទាញការចូលរួមពីដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត។
អង្គប្រជុំបានពិភាក្សាលើចំនុចសំខាន់ៗរួមមាន៖
១.អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការបន្ថែមមាតិកា និងសកម្មភាពសំខាន់ៗ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ CAMFOOD & CAMHOTEL 2027 កាន់តែមានភាពទាក់ទាញ និងសម្បូរបែបជាងមុន ក្នុងនោះរួមមាន៖ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសក្តានុពលម្ហូបអាហារដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងមរតកវប្បធម៌ខ្មែរ ព្រមទាំងការរៀបចំវេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍
២.អង្គប្រជុំបានពិនិត្យលិទ្ធភាព រៀបចំកម្មវិធីមួយចំនួនទៀតគាំទ្រទៅដល់ឧស្សហកម្មម៉ាយ(MICE) នៅកម្ពុជា ក៏ដូចជាការៀបចំវេទិកាធុរកិច្ចទេសចរណ៍(Tourism Business Forum) ការៀបចំពិព័រណ៍អន្តរជាតិផ្សេងៗ ដែលមាននៅក្នុងបណ្តាញរបស់ក្រុមហ៊ុន Informa Markets
៣.អង្គប្រជុំបានពិនិត្យលិទ្ធភាព ដើម្បីបញ្ជូលស្តង់ពិព័រណ៍ បង្ហាញជំនាញវិជ្ជាជីវៈទេសចរណ៍ និងការតាំងបង្ហាញអំពីសក្តានុពលទេសចរណ៍ក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុន Informa Markets នៅតាមបណ្តាប្រទេសក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា CAMFOOD&CAMHOTEL 2027 គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៧ ខាងមុខ ដែលបានទទួលស្គាល់ថាជាវេទិកាពាណិជ្ជកម្មអន្តរជាតិ(B2B) ឈានមុខគេនៅកម្ពុជា ដោយក្នុងឆ្នាំ២០២៧ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «បេតិកភណ្ឌជួបនឹងនវានុវត្តន៍៖ រួមគ្នាកសាងអនាគតវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច» (Heritage Meets Innovation: Shaping Tomorrow’s Food & Hospitality) ដោយផ្តោតលើការលើកតម្កើងមរតកវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ តាមរយៈសិល្បៈនៃការរៀបចំម្ហូបអាហារបែបប្រពៃណីខ្មែរបែបបុរាណ និងបទពិសោធន៍នៃការទទួលទានម្ហូបអាហារដែលមានលក្ខណៈពិសេស និងភាពសម្បូរបែប។
ជំនួបពិភាក្សានេះបានបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈរួមរបស់ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Informa Markets ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដើម្បីជំរុញការរៀបចំព្រឹត្តិការណ៍ CAMFOOD & CAMHOTEL 2027 នាពេលខាងមុខ សំដៅលើកកម្ពស់កិត្យានុភាព និងសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។



















