ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោក លៀវ គឹមឡាយ មន្ត្រីកម្មវិធីអប់រំ នៃអង្គការយូណេស្កូប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “សិក្ខាសាលាផ្សព្វផ្សាយស្តីពី កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) ក្នុងវិស័យទេសចរណ៍”។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ តំណាងអង្គការយូណេស្តូប្រចាំកម្ពុជា នាយិកាវិទ្យាស្ថានភូមិភាគតេជោសែន សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សិស្ស និស្សិត គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ-អាស៊ាន តំណាងអង្គការ សមាគម និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ សមាគម និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសិក្ខាកាម សរុបចំនួន ១៥០រូប។
ថ្លៃងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា សាលានេះមានគោលបំណងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងការយល់ច្បាស់ និងការចូលរួមអនុវត្តកម្មវិធី BEEP (Basic Education Equivalency Programme) ក្នុងចំណោមភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ អ្នកជំនាញ និងសិក្ខាកាម ដើម្បីជួយសម្រួលដល់ការទទួលបានការអប់រំមូលដ្ឋានដែលមានសមមូល ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពសម្រាប់វិស័យទេសចរណ៍។ ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាងក្រសួង ស្ថាប័នរដ្ឋ អង្គការដៃគូ វិស័យឯកជន សហគ្រាសក្នុងវិស័យទេសចរណ៍ និងគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ដើម្បីធានាឱ្យការអនុវត្តកម្មវិធី BEEP តាមរយៈគម្រោង DEY III មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។ ការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ នឹងជួយពង្រីកឱកាសសិក្សា ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងបង្កើនលទ្ធភាពទទួលបានការងារសមរម្យសម្រាប់យុវជន និងកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍។
សិក្ខាសាលានេះមានគោលបំណងសំខាន់ៗដោយផ្តោតលើ៖
១.ផ្សព្វផ្សាយ និងណែនាំអំពីកម្មវិធី BEEP ជូនដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើគោលបំណង លក្ខខណ្ឌនៃការចូលរួម របៀបសិក្សា ការទទួលស្គាល់ និងការទទួលបានវិញ្ញាបនបត្រ ព្រមទាំងផ្លូវបន្តការសិក្សា និងការអភិវឌ្ឍអាជីព។
២.បង្ហាញពីរបៀបដែលកម្មវិធី BEEP អាចផ្តល់ឱកាសដល់អ្នកជំនាញ និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ដែលមិនទាន់បានបញ្ចប់ការអប់រំកម្រិតមធ្យមសិក្សាបឋមភូមិ ឬការអប់រំមូលដ្ឋាន ឱ្យអាចបន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបាន ខណៈពេលដែលពួកគេនៅតែបន្តបំពេញការងារ។
៣.ផ្តល់ព័ត៌មាន និងការណែនាំដល់ស្ថាប័នបណ្តុះបណ្តាលទេសចរណ៍ និងនិយោជក អំពីនីតិវិធីក្នុងការណែនាំ និងបញ្ជូនបុគ្គលិក សិក្ខាកាម និងកម្មករដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឱ្យចុះឈ្មោះ និងចូលរួមក្នុងកម្មវិធីនេះ។
៤.ពង្រឹងកិច្ចសហការរវាង ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ ស្ថាប័ន បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក្រោមក្របខណ្ឌគម្រោង DEY ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការងារសមរម្យសម្រាប់យុវជន និងអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍។
៥. កំណត់ជំហានអនុវត្តជាក់ស្តែង និងទិសដៅបន្ត សម្រាប់ការផ្សព្វផ្សាយ ការណែនាំ និងការបញ្ជូនសិក្ខាកាមមានសក្តានុពលចូលរួមរៀន ព្រមទាំងពង្រឹងកិច្ចសហការនាពេលអនាគត ដើម្បីពង្រីកការចូលរួមរបស់អ្នកជំនាញ និងបុគ្គលិកក្នុងវិស័យទេសចរណ៍ក្នុងកម្មវិធី BEEP។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាម និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយ និងអនុវត្តកម្មវិធី BEEP ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រីកឱកាសទទួលបានការអប់រំ ពង្រឹងចំណេះដឹង និងជំនាញ ព្រមទាំងរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងផលិតភាព ស្របតាមតម្រូវការនៃការវិស័យទេសចរណ៍កម្ពុជា រួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់គុណភាពសេវាកម្ម ទាក់ទាញភ្ញៀវទេសចរ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានចីរភាព និងការប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ។

































