ទីស្តីការក្រសួងទេសចរណ៍៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំសៀវភៅសិក្សាមុខវិជ្ជាទេសចរណ៍ថ្នាក់ទី១២ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់ក្រុមការងារដឹកនាំរៀបចំសរសេរសៀវភៅសិក្សាមុខវិជ្ជាទេសចរណ៍ថ្នាក់ទី១២ ដើម្បីនិត្យខ្លឹមសារមេរៀន និងទម្រង់រួម មុននឹងដាក់ឆ្លងក្រុមការងារបច្ចេកទេសក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមរបស់ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ សាលាវិជ្ជាជីវៈទេសចរណ៍ លោក-លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន តំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ សរុបប្រមាណ ៦៥នាក់ ដោយផ្ទាល់ និងតាមប្រព័ន្ធចម្ងាយ (Zoom Meeting)។
ក្រុមការងារបច្ចេកទេសក៏បានធ្វើបទបង្ហាញអំពីខ្លឹមសារមេរៀនទាំង១២ ដូចជា៖
១.ក្រមសីលធម៌ និងក្រមប្រតិបត្តិទេសចរណ៍
២.ជំនាញវិជ្ជាជីវៈទេសចរណ៍
៣.មគ្គុទ្ទេសក៍ទេសចរណ៍
៤.ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
៥.ទីផ្សារទេសចរណ៍ និងការផ្សព្វផ្សាយទេសចរណ៍
៦.ឧស្សាហកម្មទេសចរណ៍
៧.ទេសចរណ៍វប្បធម៌ និងធម្មជាតិ
៨.ទេសចរណ៍ម្ហូបអាហារ
៩.សមាសភាគទេសចរណ៍
១០.ទេសចរណ៍ និងបរិវត្តកម្មឌីជីថល
១១.ផលប៉ះពាល់នៃវិស័យទេសចរណ៍
១២.ទេសចរណ៍ប្រកបដោយនិរន្តរភាព។
ការរៀបចំតាមរយៈក្រុមការងារបច្ចេកទេសនេះ ដើម្បីឱ្យមានភាពត្រឹមត្រូវ សមស្របតាមកម្មវិធីសិក្សា និងឆ្លើយតបទៅនឹងតម្រូវការនៃការអប់រំផ្នែកទេសចរណ៍។ ជាមួយគ្នានេះ ការចូលរួមផ្តល់យោបល់ពីអ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ នឹងរួមចំណែកធ្វើឱ្យសៀវភៅសិក្សានេះមានគុណភាព និងអាចជួយពង្រឹងចំណេះដឹងមូលដ្ឋានរបស់សិស្សានុសិស្ស ព្រមទាំងបណ្តុះសមត្ថភាព និងចំណាប់អារម្មណ៍លើជំនាញវិជ្ជាជីវៈទេសចរណ៍។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ក្រុមការងារទាំងអស់ ក្នុងការចូលរួមរៀបចំ និងពិនិត្យកែលម្អសៀវភៅសិក្សាមុខវិជ្ជាទេសចរណ៍ថ្នាក់ទី១២ ឱ្យកាន់តែមានគុណភាព និងស្របតាមគោលដៅអប់រំ។
ជារួម ការរៀបចំសៀវភៅសិក្សាមុខវិជ្ជាទេសចរណ៍ថ្នាក់ទី១២ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងគុណភាពអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យទេសចរណ៍កម្ពុជា តាមរយៈការផ្តល់ចំណេះដឹងមូលដ្ឋាន និងការតម្រង់ទិសសិស្សានុសិស្សឱ្យយល់ដឹងកាន់តែច្បាស់អំពីសក្តានុពល និងឱកាសការងារក្នុងវិស័យនេះ។ កិច្ចសហការរវាងក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអ្នកជំនាញ និងភាគីពាក់ព័ន្ធ នឹងរួមចំណែកធានាបាននូវគុណភាព និងភាពសមស្របនៃសៀវភៅសិក្សា ឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។


























