រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលបដិសណ្ឋារកិច្ចកម្ពុជាបៃតង (Green HoKa)។
ពិធីនេះមានការចូលរួមពីសំណាក់ លោកស្រី សារឿន លក្ខិណា អនុប្រធានសម្របសម្រួលថ្នាក់ជាតិ នៃទីភ្នាក់ងារលីចតេស្ទីន (LED), លោក Subas Subadi ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការស្វីសខន់ថាក់ (SwissContact), ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង, លោក ពុទ្រ សោភណ្ណារ៉ា អនុប្រធាននាយកដ្ឋាន តំណាងលោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោងហូកា, លោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីសខន់ថាក់, លោក លោកស្រី ជាមន្ត្រីរាជការក្រសួងទេសចរណ៍, មន្ទីរទេសចរណ៍ខេត្តគោលដៅទាំង១២, តំណាងប្រតិបត្តិករទេសចរណ៍ខេត្តគោលដៅទាំង១២, បុគ្គលិកអង្គការ SwissContact និងភ្ញៀវកិត្តិយស ដែលមានសរុបចំនួន ៦០នាក់។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកសាងសមត្ថភាពដល់ជនបង្គោលសម្រាប់ខេត្តគោលដៅទាំង១២ លើចំណេះដឹង និងជំនាញពាក់ព័ន្ធស្តីពីការប្រើប្រាស់សៀវភៅណែនាំអំពីបដិសណ្ឋារកិច្ចកម្ពុជាបៃតង (ហូកាបៃតង) ដើម្បីធ្វើការបណ្តុះបណ្តាលបន្តដល់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ ដូចជាហាងកាហ្វេ ភោជនីយដ្ឋាន និងសេវាកម្មស្នាក់នៅ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់បដិសណ្ឋារកិច្ចកម្ពុជាបៃតង (Green HoKa Award) នាពេលខាងមុខ។
ពានរង្វាន់ហូកាបៃតងត្រូវបានរៀបចំឡើងដើម្បីទទួលស្គាល់ លើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង និងជំរុញការប្រកួតប្រជែងក្នុងការអនុវត្តគោលការណ៍ទាំងបី (3Rs) នៅក្នុងវិស័យទេសចរណ៍ រួមមាន៖
១. កាត់បន្ថយ (Reduce)
២. ប្រើប្រាស់ឡើងវិញ (Reuse)
៣. កែច្នៃឡើងវិញ (Recycle)
ពានរង្វាន់នេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. លើកកម្ពស់និរន្តរភាព និងការអនុវត្តសេដ្ឋកិច្ចវិលជុំក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច។
២. ជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រើប្រាស់បានតែម្តង និងការបង្កើតកាកសំណល់។
៣. ទទួលស្គាល់អាជីវកម្ម និងបុគ្គលទាំងឡាយណាដែលអនុវត្តបានល្អបំផុតនូវកិច្ចគាំពារបរិស្ថាន។
៤. ពង្រឹងការយល់ដឹងអំពីបរិស្ថានក្នុងចំណោមភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរ។
៥. ជំរុញនវានុវត្តន៍ និងភាពជាអ្នកដឹកនាំបៃតងនៅក្នុងប្រតិបត្តិការទេសចរណ៍។


























