ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ណែម ចន្នី គ្រូពេទ្យព្យាបាលផ្នែកសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យខេត្តស្ទឹងត្រែង
រួមជាមួយ លោក ធី ស៊ីថា មន្រ្ដីផ្នែកសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាល «ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍» សម្រាប់សិក្ខាកាមនៅខេត្តស្ទឹងត្រែង។
ក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាល លោកគ្រូឧទ្ទេសបានចែករំលែកចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងបច្ចេកទេសវិជ្ជាជីវៈលើមេរៀនស្តីពី «សមត្ថភាពផ្នែកសង្គ្រោះបឋម (First Aid Skills)» ដែលជាជំនាញចាំបាច់សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងការឆ្លើយតបនឹងស្ថានភាពអាសន្ន និងការពារសុវត្ថិភាពរបស់ភ្ញៀវទេសចរ។ មេរៀននេះផ្តោតលើការបង្កើនសមត្ថភាពសិក្ខាកាមក្នុងការវាយតម្លៃស្ថានភាពគ្រោះថ្នាក់ ការផ្តល់ជំនួយបឋមបានត្រឹមត្រូវ និងការសម្របសម្រួលជាមួយស្ថាប័នសុខាភិបាលនៅពេលមានហេតុការណ៍បន្ទាន់។
គោលបំណងសំខាន់នៃមេរៀន រួមមាន៖
១.យល់ដឹងអំពីគោលការណ៍សង្គ្រោះបឋម និងអនុវត្តវិធីសាស្ត្រជួយសង្គ្រោះជនរងគ្រោះនៅដំណាក់កាលដំបូង មុនពេលក្រុមគ្រូពេទ្យមកដល់។
២.ការគ្រប់គ្រងសុវត្ថិភាព៖ បង្កើនសមត្ថភាពក្នុងការវាយតម្លៃហានិភ័យ ការពារសុវត្ថិភាពរបស់ភ្ញៀវ និងគ្រប់គ្រងទីតាំងកើតហេតុឱ្យមានសុវត្ថិភាព។
៣.ការសង្កេត និងវាយតម្លៃស្ថានភាពអ្នករងគ្រោះ៖ រៀនសង្កេតសញ្ញាជីវិត វាយតម្លៃកម្រិតរបួស និងកំណត់អាទិភាពក្នុងការផ្តល់ជំនួយបឋម។
៤.ការឆ្លើយតបចំពោះស្ថានភាពអាសន្នទូទៅ៖ អនុវត្តវិធីដោះស្រាយករណីសន្លប់ ហូរឈាម បាក់ឆ្អឹង រលាក ខាំដោយសត្វ ឬជំងឺភ្លាមៗដែលអាចកើតមានក្នុងដំណើរទេសចរណ៍។
៥.ការទំនាក់ទំនង និងសម្របសម្រួល៖ ពង្រឹងជំនាញទំនាក់ទំនងជាមួយក្រុមសង្គ្រោះបន្ទាន់ មណ្ឌលសុខភាព និងអ្នកពាក់ព័ន្ធ ដើម្បីធានាការជួយសង្គ្រោះបានទាន់ពេលវេលា។
មេរៀននេះបានរួមចំណែកពង្រឹងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ឱ្យអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពអាសន្ន កាត់បន្ថយហានិភ័យ និងការពារអាយុជីវិតរបស់ភ្ញៀវទេសចរ។ ជំនាញសង្គ្រោះបឋម គឺជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព និងភាពជឿជាក់នៃសេវាកម្មទេសចរណ៍ ស្របតាមគោលដៅអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងចីរភាព។




















