ទីស្តីការក្រសួងទេសចរណ៍៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីពិនិត្យ វាយតម្លៃ និងឆ្លុះបញ្ចាំងលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងកំណត់ទិសដៅអនុវត្តការងារបន្ត។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិតប្រធាននាយកដ្ឋាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ត្រីរាជការ និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងស្មារតីការងារជាក្រុម រហូតសម្រេចបាននូវសមិទ្ធផលការងារជាច្រើននាពេលកន្លងមក។
កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសំខាន់ៗសម្រាប់អនុវត្តន៍នឹងលើកទិសដៅការងារបន្តរួមមាន៖
១.ត្រៀមបើកវគ្គបណ្តុះបណ្តាល «គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ លើសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)» ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
២.រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP)»ក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកជំនាញទេសចរណ៍ដែលបានបោះបង់ការសិក្សាក្រោមថ្នាក់ទី៩ ឱ្យទទួលបានការអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអនឡាញ និងឱកាសវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន (Recognition of Prior Learning: RPL) ដើម្បីពង្រីកឱកាសសិក្សាពេញមួយជីវិតក្នុងវិស័យទេសចរណ៍។
៣.រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីជំនាញវិជ្ជាជីវៈទេសចរណ៍ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសកំពង់ឈើទាល ខេត្តកំពង់ធំ។
៤.ពិនិត្យនីតិវិធីចុះបញ្ជីទទួលសាលាបណ្តុះបណ្តាលសាលាវិជ្ជាជីៈស្រាក្រឡុក និងមជ្ឍមណ្ឌលភាសាអង់គ្លេស Edifyworld (Hybird)
៥.គ្រោងរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា
៦.គ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍កម្ពុជា (CTPRS) សម្រាប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត
៧.រៀបចំចុះត្រួតពិនិត្យគុណភាពសាលាបណ្តុះបណ្តាលដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍
៨.បន្តការធ្វើបច្ចុប្បន្នភាពជំនាញ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ក្នុងវិស័យទេសចរណ៍
៩.ត្រៀមរៀបចំការវាយតម្លៃការសិក្សាពីមុន ជូនដល់អ្នកជំនាញទេសចរណ៍ និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍
១០.ជំរុញ និងធ្វើការរៀបចំបណ្តាញសាស្រាចារ្យ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍
១១.រៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី «ហូកាបៃតង (Green HoKa)» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍
១២.គ្រោងរៀបចំសិក្ខាសាលាផ្តល់សុពលភាពលើឯកសារបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) លើជំនាញទាំង៤
១៣.គ្រោងរៀបចំទិវាជំនាញហូកា នៅអំឡុងខែកញ្ញា ខាងមុខ
១៤.រៀបចំវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលកម្មវិធី «ហូកាបៃតង (Green HoKa)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ
១៥.គ្រោងអនុវត្តវគ្គបណ្តុះបណ្តាលជំនាញសុខុមាលភាព ស្ប៉ា និងម៉ាស្សា សំដៅពង្រឹងជំនាញវិជ្ជាជីវៈ និងឆ្លើយតបតម្រូវការទីផ្សារការងារក្នុងវិស័យទេសចរណ៍។
ជាមួយគ្នានេះ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានជំរុញឱ្យមន្ត្រីរាជការគ្រប់រូបបន្តពង្រឹងវិន័យការងារ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តភារកិច្ច បង្កើនស្មារតីម្ចាស់ការ និងការច្នៃប្រឌិត ព្រមទាំងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការក្នុងអង្គភាព ដើម្បីធានាឱ្យការអនុវត្តផែនការសកម្មភាព និងភារកិច្ចការងារសម្រេចបានប្រកបដោយប្រសិទ្ធភាព ស្របតាមទិសដៅ និងគោលនយោបាយរបស់ក្រសួងទេសចរណ៍។






































