ខេត្តសៀមរាប បន្តក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា! ខេត្តសៀមរាប៖ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. បានជួបពិភាក្សាការងារជាមួយ លោកស្រី ម៉ៅ សុផានី នាយិការសាលាបដិសណ្ឋារកិច្ចស្ពូន និងលោក Jerome L. HOUR នាយកសាលាសណ្ឋាគារ សាលាបាយ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក៏ដូចជាកំណត់ទិសដៅអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលឱ្យកាន់តែមានគុណភាព ស្របតាមតម្រូវការទីផ្សារការងារ និងស្តង់ដារជាតិ-អន្តរជាតិ។ ក្នុងជំនួបនេះ បានផ្តោតលើខ្លឹមសារសំខាន់ៗដូចជា៖ ១. សាលាបដិសណ្ឋារកិច្ចស្ពូន បានពិនិត្យវឌ្ឍនភាពការបណ្តុះបណ្តាលលើជំនាញចុងភៅ ដុតនំ ឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ពិនិត្យគុណវុឌ្ឍិគ្រូបណ្តុះបណ្តាល និងពិភាក្សាលើការរៀបចំកម្មវិធីសិក្សាសម្រាប់ឆ្នាំ២០២៧ ដើម្បីឱ្យស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) និងតម្រូវការជាក់ស្តែងរបស់វិស័យទេសចរណ៍។ សម្រាប់ឆ្នាំ២០២៦នេះ សាលាបានបណ្តុះបណ្តាលសិស្សចំនួន៨០នាក់ (ស្រី ៤០នាក់) ទៅលេីជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញឆុងកាហ្វេ ដុតនំ និងធ្វេីបង្អែម។ ២. សាលាសណ្ឋាគារ សាលាបាយ បានពិនិត្យវឌ្ឍនភាពការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន ក្រោមក្របខណ្ឌ ASEAN MRA-TP ពិនិត្យគុណវុឌ្ឍិគ្រូបង្គោល រៀបចំកម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់អតីតសិស្ស (Alumni Development) ការរៀបចំពិព័រណ៍ការងារ (Job Fair) និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ដើម្បីបង្កើនឱកាសការងារ និងលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍។ សម្រាប់ឆ្នាំ២០២៦នេះ សាលាបានបណ្តុះបណ្តាលសិស្សសរុបចំនួន ១៤៨នាក់ (ស្រី ១០៨នាក់) ទៅលេីជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញស្ប៉ា និងសុខុមាលភាព។ ក្នុងឱកាសនោះ លោកបណ្ឌិតប្រធាននាយកដ្ឋាន ក៏បានថ្លែងកោតសរសើរចំពោះសាលាទាំងពីរ ដែលបានខិតខំអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលប្រកបដោយគុណភាព និងបន្តបង្កើតធនធានមនុស្សដែលមានជំនាញ សីលធម៌វិជ្ជាជីវៈ និងសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្មទេសចរណ៍។ លោកបណ្ឌិតប្រធាននាយកដ្ឋាន ក៏បានលើកទឹកចិត្តឱ្យស្ថាប័នបណ្តុះបណ្តាលទាំងពីរ បន្តពង្រឹងគុណភាពកម្មវិធីសិក្សា អភិវឌ្ឍសមត្ថភាពគ្រូបណ្តុះបណ្តាល ពង្រីកកិច្ចសហការជាមួយវិស័យឯកជន និងអនុវត្តការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (Competency-Based Training) ដើម្បីធានាថានិស្សិត និងសិក្ខាកាមបញ្ចប់ការសិក្សាមានសមត្ថភាពប្រកួតប្រជែងទាំងក្នុងទីផ្សារការងារកម្ពុជា និងទីផ្សារការងារក្នុងតំបន់អាស៊ាន។ ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរវាងក្រសួងទេសចរណ៍ និងគ្រឹះស្ថានបណ្តុះបណ្តាលឯកជន ក្នុងការលើកកម្ពស់គុណភាពការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។