ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការណែនាំបន្ថែមពី លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លោក សាំង ចន្ធូ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាល «ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍» សម្រាប់ខេត្តស្ទឹងត្រែង។
នាឱកាសនោះ លោកគ្រូឧទ្ទេសបានចែករំលែកចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងបច្ចេកទេសវិជ្ជាជីវៈលើមេរៀនសំខាន់ៗស្តីពី អន្តរវប្បធម៏ក្នុងវិស័យទេសចរណ៍ ដោយគោលបំណងសំខាន់នៃវមេរៀន រួមមាន៖
១.ការយល់ដឹងអំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ភ្ញៀវទេសចរមកពីប្រទេស និងតំបន់ផ្សេងៗ។
២.ការអភិវឌ្ឍសមត្ថភាពក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពក្នុងសង្គមពហុវប្បធម៌។
៣.ការយល់ដឹងអំពីភាពចម្រុះនៃវប្បធម៌ និងឥរិយាបថរបស់ភ្ញៀវទេសចរពីក្រុមវប្បធម៌ផ្សេងៗ។
៤.ការសិក្សា និងការឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុកផ្នែកវប្បធម៌របស់ភ្ញៀវទេសចរ។
៥.ការពង្រឹងអត្តចរិត សីលធម៌ វិន័យ និងលក្ខណៈវិជ្ជាជីវៈដែលចាំបាច់សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក្នុងការពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅថ្នាក់មូលដ្ឋាន ដើម្បីឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបកស្រាយអំពីអត្តសញ្ញាណ វប្បធម៌ ប្រវត្តិសាស្ត្រ និងសក្តានុពលទេសចរណ៍របស់សហគមន៍ ប្រកបដោយភាពត្រឹមត្រូវ វិជ្ជាជីវៈ និងស្តង់ដារខ្ពស់ ស្របតាមទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយគុណភាព និងចីរភាព និងជាការត្រៀមខ្លួនក្នុងការពង្រឹងគុណភាពសេវាកម្ម ក្នុងព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ក្រោមមូលបទ «សក្តានុពលអេកូទេសចរណ៍ភូមិភាគឦសានក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខ នៅខេត្តស្ទឹងត្រែង។





















