គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការស្វីសខន់ថាក់ (Swisscontact)បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ “ការពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងកញ្ចប់វាយតម្លៃស្តង់ដាសមត្ថភាព សម្រាប់គុណវុឌ្ឍិជាតិទេសចរណ៍ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ និង៣ លើជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចម្អិនម្ហូបអាហារ”
រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការស្វីសខន់ថាក់ (Swisscontact) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងកញ្ចប់វាយតម្លៃស្តង់ដាសមត្ថភាព សម្រាប់គុណវុឌ្ឍិជាតិទេសចរណ៍ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ ២ និង៣ លើជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចម្អិនម្ហូបអាហារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងអង្គការស្វីសខន់ថាក់ (Swisscontact) តំណាងគ្រឹះស្ថាន និងសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តំណាងសមាគមឧស្សាហកម្មទេសចរណ៍ លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ សរុបប្រមាណ ៨០នាក់។
ក្រសួងទេសចរណ៍ ដែលមានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ជាសេនាធិការ ក្រោមកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme-SDP) នៃអង្គការស្វីសខន់ថាក់ បានសហការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាល (Standard Training Packages) លើជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចម្អិនម្ហូបអាហារ ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា សម្រាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ ២ និង៣ ក្នុងអំឡុងឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥។ កញ្ចប់ស្តង់ដាទាំងនេះផ្តោតលើឯកសារគោលសំខាន់ៗ រួមមាន៖ (១) កម្រងសមត្ថភាព (Competency Profile) (២) ស្តង់ដាសមត្ថភាព (Competency Standards) (៣) កម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (Competency-Based Training Programme) និង (៤) កញ្ចប់វាយតម្លៃស្តង់ដាសមត្ថភាព (Competency-Based Assessment Package)។
ការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលនេះ មានគោលបំណងធានា និងពង្រឹងសង្គតិភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្នាក់ជាតិ ឱ្យស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។ កន្លងមក ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលផ្អែកលើស្តង់ដាសមត្ថភាពអាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (ASEAN MRA-TP)។ កញ្ចប់ស្តង់ដាបណ្តុះបណ្តាលថ្មីនេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់សម្រាប់គ្រឹះស្ថាន និងសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមតម្រូវការទីផ្សារការងារ ព្រមទាំងបង្កើតវិថីអភិវឌ្ឍជំនាញ និងអាជីពប្រកបដោយប្រសិទ្ធភាព និងមានការទទួលស្គាល់គុណវុឌ្ឍិយ៉ាងច្បាស់លាស់ បន្ទាប់ពីការបណ្តុះបណ្តាល និងការវាយតម្លៃសមត្ថភាព។
ដំណើរការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលខាងលើ ត្រូវបានអនុវត្តឆ្លងកាត់កិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាពិគ្រោះយោបល់ជាច្រើនលើកច្រើនសារ ព្រមទាំងសិក្ខាសាលាផ្តល់សុពលភាពជាជំហានចុងក្រោយ ដោយមានការចូលរួមផ្តល់ធាតុចូលយ៉ាងផុលផុសពីសំណាក់អ្នកជំនាញ គ្រូបង្គោល អ្នកវាយតម្លៃបង្គោលជាតិ តំណាងសមាគមឧស្សាហកម្មទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជនពាក់ព័ន្ធ។
ទន្ទឹមនឹងការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលខាងលើ កញ្ចប់វាយតម្លៃស្តង់ដាសមត្ថភាព (Competency-Based Assessment Package) ដែលកំពុងត្រូវបានពិគ្រោះយោបល់ និងពិភាក្សានាពេលនេះ នឹងទទួលបានធាតុចូលថ្មីៗបន្ថែមទៀតពីភាគីពាក់ព័ន្ធ ដើម្បីធានាថាឯកសារវាយតម្លៃនេះ នឹងក្លាយជាយន្តការ និងប្រព័ន្ធវាយតម្លៃដ៏សំខាន់មួយ សម្រាប់ការវាយតម្លៃ និងទទួលស្គាល់គុណវុឌ្ឍិ និងសមត្ថភាពរបស់សិស្ស និស្សិត និងអ្នកជំនាញទេសចរណ៍ ស្របតាមវិធីសាស្ត្រវាយតម្លៃតាមស្តង់ដា ដែលធានាបាននូវគុណភាព តម្លាភាព យុត្តិធម៌ សុក្រឹត្យភាព និងភាពជឿជាក់ ក្នុងការទទួលស្គាល់កម្រិតជំនាញ និងគុណវុឌ្ឍិវិជ្ជាជីវៈ។






































