ក្រសួងទេសចរណ៍ និងវិទ្យាស្ថានសន្តប៉ូល ជំរុញការផ្សព្វផ្សាយការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍នៅខេត្តតាកែវ និងខេត្តជុំវិញ
ខេត្តតាកែវ៖ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “សិក្ខាសាលាស្តីពីការសិក្សាជំនាញទេសចរណ៍នៅថ្នាក់ឧត្តមសិក្សា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងឱកាសការងារក្នុងវិស័យទេសចរណ៍” ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លោក គង់ ដារ៉ា តំណាងអង្គការស្វីសខន់ថាក់ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល តំណាងមន្ទីរទេសចរណ៍ខេត្តតាកែវ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតនៃវិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ សរុបចំនួន ១៥០នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយអំពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅក្នុងក្របខណ្ឌជាតិ និងអាស៊ាន ឱកាសការងារនៅក្នុងវិស័យទេសចរណ៍ និងការអប់រំបណ្តុះបណ្តាលផ្នែកបច្ចេកទេសឱ្យបានកាន់តែទូលំទូលាយថែមទៀត ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ ជាមួយក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធនានា លើការអប់រំបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យស្របតាមតម្រូវការនៃទីផ្សារការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិត ផុន សុផល បានលើកឡើងថា វិទ្យាស្ថានសន្តប៉ូល ជាគ្រឹះស្ថានឧត្តមសិក្សាកាតូលិកតែមួយគត់នៅកម្ពុជា និងជាសមាជិកសាកលវិទ្យាល័យកាតូលិកអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ASEACU) និងបានចូលរួមផ្ដល់អាហាររូបករណ៍ជាច្រើនកន្លែងដល់សិស្ស-និស្សិតដែលមានកម្រិតជីវភាពក្រីក្រ និងទូទៅ ដើម្បីបានបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើជំនាញ៖ (១) គ្រប់គ្រងទេសចរណ៍ (២) ក្សេត្រសាស្រ្ត (៣) បច្ចេកវិទ្យាកុំព្យូទ័រ (៤) សង្គមកិច្ច និង (៥) អក្សរសាស្រ្តអង់គ្លេស និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសសម្រាប់សិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស រយៈពេល ៣ឆ្នាំ សមមូលទៅនឹងមធ្យមសិក្សាទុតិយភូមិ (Bac.II)។ លោកបណ្ឌិតបានបន្ថែមថា តាមរយៈការវាយតម្លៃក្រោយបញ្ចប់ការសិក្សា មាននិស្សិតប្រមាណ ៩៧% ទទួលបានឱកាសការងារធ្វើនៅក្នុងវិស័យទេសចរណ៍ដោយផ្ទាល់ និងវិស័យពាក់ព័ន្ធនានា ដោយទទួលបានប្រាក់ខែចន្លោះ ២៥០ដុល្លារ ឡើងទៅ និងមួយចំនួនបានបើកអាជីវកម្មផ្ទាល់ខ្លួន (ហាងកាហ្វេ) ជាដើម។ គិតចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ សិស្សដែលបានបន្តការសិក្សាមានចំនួន ៥៤.៥៤% បន្តការសិក្សា និងបម្រើការងារ ១២.១២% បម្រើការងារ ២៩% បើកអាជីវកម្ម ៣.៤៦% និងពុំមានការងារ ឬមុខរបរ ០.៨៦%។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកជំទាវ វណ្ណ សេរីរ័ត្ន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមអភិបាល អូលីវីយ៉េ ដែលជាស្ថាបនិករបស់វិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ដែលរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកអប់រំបច្ចេកទេស និងជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់យុវជនដែលមានកម្រិតជីវភាពក្រីក្រ ងាយរងគ្រោះ និងស្ថានភាពទូទៅ នៅក្នុងខេត្តតាកែវ និងខេត្តជុំវិញ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង របស់សាលា ការផ្តល់អាហាររូបករណ៍ ការស្នាក់នៅហូបចុក ព្រមទាំងជួយស្វែងរកការងារធ្វើជាដើម។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កំពុងជំរុញការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ បង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា សំដៅទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែច្រើនឡើង។ ការណ៍នេះឆ្លុះបញ្ចាំងពីការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជំរុញការនាំចេញនៅនឹងកន្លែង ដែលចូលរួមដល់កំណើនសេដ្ឋកិច្ច និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
តាមរយៈសិក្ខាសាលានេះ សិស្ស-និស្សិត និងអ្នកចូលរួម បានយល់កាន់តែច្បាស់អំពីការវិវត្តថ្មីៗនៃនិន្នាការទេសចរណ៍ជាតិ-អន្តរជាតិ ការតម្រង់ទិសអំពីការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ ឱកាសការងារ និងការពង្រឹងសមត្ថភាពទំនាក់ទំនងនៅក្នុងសង្គម។
























