ខេត្តពោធិ៍សាត់៖ នាពេលព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងហូកានៃក្រសួងទេសចរណ៍ សហការជាមួយអង្គការស្វីសខន់ថាក់រៀបចំបើកវគ្គពង្រឹងសមត្ថភាពគ្រូបង្គោលហូកាស្តីពីវិធីសាស្រ្តបណ្តុះបណ្តាលសកម្ម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់ លោក មីលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ លោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីសខន់ថាក់ តំណាងក្រសួងទេសចរណ៍ គ្រូបង្គោលខេត្តគោលដៅខេត្តទាំង១២ មានចំនួនសរុបប្រមាណ ៤០រូប។
វគ្គពង្រឹងសមត្ថភាពនេះមានរយៈពេល ៤ថ្ងៃ ដោយប្រព្រឹត្តចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ ដល់គ្រូបង្គោលហូកាចំនួន ២៥រូបដែលនៃខេត្តគោលដៅខេត្តទាំង១២ ដោយធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមលើវិធីសាស្រ្តបណ្តុះបណ្តាលសកម្មទាំង១២ (Active Training Methodology) ដើម្បីគ្រូបង្គោលហូកាមានសមត្ថភាពកាន់តែប្រសិទ្ធភាពខ្ពស់ក្នុងការផ្ទេរចំណេះដឹង ជំនាញ និងធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បន្តដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ក្នុងខេត្តរបស់ខ្លួន។
ក្នុងរយៈពេល ៤ថ្ងៃនេះ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង និងជំនាញលើខឹ្លមសារសំខាន់៖ ១. ប្រព័ន្ធអប់រំជាតិកម្ពុជា ២. លទ្ធផលសិក្សា និងការទទួលស្គាល់តាមប្រព័ន្ធអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៣. ក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ៤. ក្របខណ្ឌគុណវុឌ្ឍិអាស៊ាន ៥. សមត្ថភាព ៦. ការបណ្តុះបណ្តាលផ្អែកសមត្ថភាព ៧. ការវាយតម្លៃផ្អែកសមត្ថភាព ៨. តួនាទី និងទំនួលខុសត្រូវរបស់គ្រូបង្គោលហូកា ៩. វិធីសាស្រ្តបណ្តុះបណ្តាលសកម្មទាំង១២។
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការស្វីសខន់ថាក់ និងអនុវត្តគម្រោងដោយមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងបានធ្វើការបណ្តុះបណ្តាលយុវជនក្រីក្រ ងាយរងគ្រោះ អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងក្នុងសេវាកម្មបដិសណ្ឋារកិច្ចបានចំនួនជាង ១០ ៤៨៨រូប ជាពិសេសគម្រោងបានធ្វើការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល ហូកា បានសរុបចំនួន ៥៣០រូប (ស្រី ២៦៣រូប)។





























