ទីស្តីការក្រសួងទេសចរណ៍៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋាន ជួបពិភាក្សាការងារជាមួយលោកនាយកអង្គការ API Cambodia ដើម្បីពិនិត្យលទ្ធភាពលើ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សម្រាប់សហគ្រាស MSMEs ក្នុងវិស័យទេសចរណ៍ សហគ្រិនភាពក្នុងវិស័យទេសចរណ៍។
ក្នុងជំនួបនេះ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកនាយកអង្គការ API Cambodia និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតភាពជាដៃគូជាមួយក្រសួងទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ លោកបណ្ឌិតក៏បានគូសបញ្ជាក់អំពីការដឹកនាំប្រកបដោយចក្ខុវិស័យ និងការយកចិត្តទុកដាក់យ៉ាងខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលសំខាន់ៗចំនួន ៣ រួមមាន៖ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) កម្មវិធីបណ្តុះបណ្តាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (CQF) និងកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអាស៊ាន (ASEAN MRA-TP) ដែលជាយន្តការសំខាន់ក្នុងការលើកកម្ពស់គុណភាពអ្នកជំនាញទេសចរណ៍ បង្កើនឱកាសការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងសម្រាប់ការធ្វើចល័តភាពការងារនៅក្នុងតំបន់ និងអន្តរជាតិ។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ និងពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន រួមមាន៖
១.ពិនិត្យលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងជំនាញវិជ្ជាជីវៈទេសចរណ៍ដោយផ្តោតសំខាន់ទៅលើគោលដៅខេត្ត៣ ដូចជា បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ដែលជាខេត្តគោលដៅរបស់អង្គការ API Cambodai លើជំនាញអទិភាពរួមមាន៖ ជំនាញចុងភៅ ជំនាញម្ហូបអាហារ និងភេសជ្ជៈ ជំនាញឆុងកាហ្វេ និងជំនាញសហគមន៍។
៣.អង្គការ API Cambodia ក៏បានស្នើសុំបើកវគ្គបណ្តុះបណ្តាល សាកល្បងនៅខេត្តពោធិ៍សាត់ តំបន់ភ្នំក្រវាញ់ និងខេត្តកំពង់ធំ នៅស្រុកសណ្តាន់ ដែលជាសហគមន៍ការពារព្រៃឈើ និងមាននៅសក្តានុពលទេសចរណ៍។
៤.ពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការពង្រឹងសហគ្រិនភាពក្នុងវិស័យទេសចរណ៍ ដោយក្នុងនោះអង្គការ API Cambodia មានឯកទេសស្រាប់ក្នុងការបណ្តុះបណ្តាលផែនការអាជីវកម្ម ការស្រាវជ្រាវអាជីវកម្ម និងការបណ្តុះបណ្តាលថ្នាក់ដឹកនាំអាជីវកម្ម។
ជំនួបពិភាក្សានេះបានបង្ហាញពីឆន្ទៈរួមរបស់ភាគីទាំងពីរ ក្នុងការកសាងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសការពង្រឹងជំនាញវិជ្ជាជីវៈ សមត្ថភាពសហគ្រិនភាព និងចំណេះដឹងផ្នែកគ្រប់គ្រងអាជីវកម្ម សម្រាប់អ្នកប្រកបអាជីវកម្មទេសចរណ៍ និងសហគ្រាសមីក្រូ តូច និងមធ្យម (MSMEs)។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះក៏នឹងជួយបំពេញបន្ថែមដល់យន្តការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងទេសចរណ៍ តាមរយៈការរួមបញ្ចូលជំនាញវិជ្ជាជីវៈ ជំនាញភាសា និងជំនាញសហគ្រិនភាពឱ្យកាន់តែមានភាពប្រទាក់ក្រឡា ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃទីផ្សារទេសចរណ៍ និងតម្រូវការរបស់វិស័យឯកជន។











