រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលការចាត់តាំងរបស់ លោកបណ្ឌិតប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្រុមការងារនាយកដ្ឋានចំនួន ៣រូប បានចូលរួមសិក្ខាសាលាការពិនិត្យ និងផ្តល់សុពលភាពលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាលចំនួន ២៥មុខជំនាញ និង៣៧គុណវុឌ្ឍិ សម្រាប់ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសំណាក់ក្រុមការងារនាយកដ្ឋានជំនាញ ក្រុមការងារអភិវឌ្ឍ (TWG) កញ្ចប់ស្តង់ដាបណ្តុះបណ្តាល (Standard Training Package-STP) និងតំណាងឧស្សាហកម្មតាមវិស័យជំនាញនីមួយៗ ដែលមានចំនួនសរុបប្រមាណ ១២០នាក់។
សិក្ខាសាលាមានគោលបំណងផ្តល់សុពលភាព លើកម្រងឯកសារនៅក្នុងកញ្ចប់ស្តង់ដាបណ្តុះបណ្តាល បន្ទាប់ពី ក្រុមការងារអភិវឌ្ឍ (TWG) បានធ្វើសេចក្តីព្រាងលើកម្រងឯកសារកញ្ចប់ស្តង់ដា បណ្តុះបណ្តាលរួច។ ការផ្តល់សុពលភាពសំដៅដល់ការផ្តល់ធាតុចូលពីអ្នកមានបទពិសោធន៍នៅកន្លែងការងារ ដែលបានដឹង បានយល់ បានអនុវត្តជាមួយនឹងការងារតម្រូវតាម មុខរបរ/មុខជំនាញរបស់ខ្លួន។
រយៈពេល ២ថ្ងៃនេះ អង្គសិក្ខាសាលាបានពិនិត្យ និងផ្តល់សុពលភាពកញ្ចប់ស្តង់ដាបណ្តុះបណ្តាលចំនួន ២៥មុខជំនាញ និង៣៧គុណវុឌ្ឍិ សម្រាប់ឆ្នាំ២០២៦ ដោយក្នុងនោះ សម្រាប់វិស័យទេសចរណ៍ កញ្ចប់ស្តង់ដាបណ្តុះបណ្តាល (STP ) ចំនួន ៤មុខជំនាញលើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញចម្អិនម្ហូបអាហារ ស្នើនឹង ១២គុណវុឌ្ឍិ កម្រិត២ កម្រិត៣ និងកម្រិត៤ ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (CQF)។
សូមបញ្ជាក់ផងដែរថាកញ្ចប់ស្តង់ដាបណ្តុះបណ្តាល (STP ) សម្រាប់ជំនាញនីមួយៗមានឯកសាររួមមាន៖ ស្តង់ដាសមត្ថភាព (Competency Standard - CS) កម្មវិធីសិក្សាផ្អែកលើសមត្ថភាព (Competency-Based Curriculum - CBC) កញ្ចប់វាយតម្លៃផ្អែកលើសមត្ថភាព (Competency Assessment Package - CAP) និង កញ្ចប់សិក្សាផ្អែកលើសមត្ថភាព (Competency-Based Learning Package - CBLP)។
គួរបញ្ជាក់ផងដែរថា ការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ លើគុណវុឌ្ឍិទាំង ១២ ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (CQF) នឹងរួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់នូវច្រកសិក្សា និងការទទួលស្គាល់សមត្ថភាពជំនាញប្រកបដោយតម្លាភាព និងស្តង់ដារជាតិ។ ប្រព័ន្ធនេះអនុញ្ញាតឱ្យអ្នកសិក្សាអាចបន្តការសិក្សា ឬធ្វើការវាយតម្លៃសមត្ថភាពតាមបទពិសោធន៍ការងារ (Recognition of Prior Learning -RPL) រហូតទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលតាមកម្រិតគុណវុឌ្ឍិជាតិ។
ជាមួយគ្នានេះ ការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលផ្អែកលើសមត្ថភាព និងប្រព័ន្ធវាយតម្លៃស្របតាមស្តង់ដា នឹងជួយបង្កើនគុណភាពកម្លាំងពលកម្មទេសចរណ៍ ឆ្លើយតបនឹងតម្រូវការរបស់វិស័យឯកជន បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងអន្តរជាតិ និងគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនចំនួន ១,៥ លាននាក់ សំដៅលើកកម្ពស់ជំនាញ ការងារ ប្រាក់ចំណូល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។





























