ទីស្តីការក្រសួងទេសចរណ៍៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានដឹកនាំការិយាល័យជំនាញ ប្រជុំពិនិត្យ និងពិភាក្សាលើប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍កម្ពុជា (Cambodia Tourism Professionals Registration System – CTPRS) ដើម្បីពិនិត្យ និងធ្វើឱ្យប្រសើរឡើងនូវមុខងារសំខាន់ៗរបស់ប្រព័ន្ធ សំដៅបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់។
ប្រព័ន្ធ CTPRS ត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីគាំទ្រដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ រួមមាន អ្នកជំនាញទេសចរណ៍ ស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល តាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលមានលក្ខណៈទំនើប តម្លាភាព និងប្រសិទ្ធភាព។
មុខងារសំខាន់ៗរបស់ប្រព័ន្ធរួមមាន ការចុះបញ្ជី និងគ្រប់គ្រងទិន្នន័យអ្នកជំនាញទេសចរណ៍ ការគ្រប់គ្រងកម្មវិធីបណ្តុះបណ្តាល ការចេញវិញ្ញាបនបត្រ និងសញ្ញាបត្រតាមប្រព័ន្ធឌីជីថល ការតម្រង់ទិសអាជីព និងការស្វ័យសិក្សា ការផ្គូផ្គងឱកាសការងាររវាងអ្នកស្វែងរកការងារ និងនិយោជក ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពវិជ្ជាជីវៈ ការធ្វើបច្ចុប្បន្នភាពទិន្នន័យកម្លាំងពលកម្មទេសចរណ៍ ព្រមទាំងការប្រមូល និងវិភាគទិន្នន័យអំពីតម្រូវការ និងការផ្គត់ផ្គង់ធនធានមនុស្សក្នុងវិស័យទេសចរណ៍។
ការអភិវឌ្ឍប្រព័ន្ធ CTPRS គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងទេសចរណ៍។ ប្រព័ន្ធនេះនឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងអ្នកជំនាញទេសចរណ៍ ពង្រឹងគុណភាពនៃការបណ្តុះបណ្តាល និងការទទួលស្គាល់សមត្ថភាពវិជ្ជាជីវៈ ព្រមទាំងផ្តល់ទិន្នន័យដែលមានភាពជឿជាក់សម្រាប់ការរៀបចំគោលនយោបាយ ការធ្វើផែនការ និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងភាពប្រកួតប្រជែង។