រាជធានីភ្នំពេញ៖ នៅថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំពី លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ កញ្ញា រស់ សូលិកា អនុប្រធាននាយកដ្ឋាន បានអញ្ជើញចូលរួមត្រួតពិនិត្យការប្រឡងបញ្ចប់របស់សិក្ខាកាមថ្នាក់ដុតនំឥតគិតថ្លៃ (ជំនាន់ទី៨)។
ការត្រួតពិនិត្យការប្រឡងនេះ មានគោលបំណងធានាឱ្យដំណើរការវាយតម្លៃសមត្ថភាពរបស់សិក្ខាកាម ប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងស្របតាមគោលការណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងវាស់វែងបាននូវចំណេះដឹង ជំនាញ និងសមត្ថភាពអនុវត្តជាក់ស្តែងដែលសិក្ខាកាមទទួលបានក្នុងអំឡុងពេលសិក្សា។
គួររំលឹកផងដែរថា វគ្គបណ្តុះបណ្តាលនេះបានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៤០រូប (វេនព្រឹក ២០រូប និងវេនរសៀល ២០រូប)។ សិក្ខាកាមត្រូវសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់សរុបចំនួន ៧២ម៉ោង លើបច្ចេកទេសធ្វើនំចំនួន ១០មុខ។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដោយសិក្សាទ្រឹស្តីមួយសប្តាហ៍ និងអនុវត្តផ្ទាល់នៅសប្តាហ៍បន្ទាប់ ដើម្បីធានាបាននូវសមត្ថភាពពេញលេញស្របតាមតម្រូវការទីផ្សារការងារ។ ក្រោយបញ្ចប់ការសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពផ្លូវការពីក្រសួងទេសចរណ៍។
កន្លងមកក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលឧត្តមភាពម្ហូបអាហារម៉ីសាន បានរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់ចំនួន ៧ជំនាន់រួចមកហើយ ដែលមានសិក្ខាកាមសរុប ១៩៨នាក់ និងបានបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញជូនដល់សិក្ខាកាមចំនួន ២,៧១០នាក់បន្ថែមទៀត។
ក្រសួងទេសចរណ៍ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មជ្ឈមណ្ឌលឧត្តមភាពម្ហូបអាហារម៉ីសាន ដែលបានបង្ហាញនូវស្មារតីប្តេជ្ញាចិត្ត ការទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្មក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងធនធានមនុស្ស។ កិច្ចសហការនេះ មិនត្រឹមតែជាការផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពអនុវត្តជាក់ស្តែងរបស់សិក្ខាកាម ស្របតាមតម្រូវការទីផ្សារការងារ និងស្តង់ដារវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។







































