ខេត្តសៀមរាប៖ លោក ស្រ៊ុន សុមាត្រា មន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ បានបញ្ចប់ដោយជោគជ័យនូវវគ្គគ្រូបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញឆុងកាហ្វេ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងអំឡុងវគ្គបណ្តុះបណ្តាល លោក បានទទួលការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើជំនាញឆុងកាហ្វេ (Barista) រួមមាន បច្ចេកទេសរៀបចំភេសជ្ជៈកាហ្វេតាមស្តង់ដារ ការប្រើប្រាស់ និងថែទាំឧបករណ៍ ព្រមទាំងជំនាញសេវាកម្មអតិថិជនប្រកបដោយវិជ្ជាជីវៈ។ ចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន នឹងជាមូលដ្ឋានសំខាន់សម្រាប់យកទៅអនុវត្ត និងចែករំលែកបន្តដល់សិក្ខាកាម និងអ្នកប្រកបការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ការបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនេះ គឺជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ លោក ក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាបន្តបន្ទាប់ ព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា។
ជាពិសេស ក្នុងនាមជាគ្រូបណ្តុះបណ្តាល លោកនឹងអាចចូលរួមផ្ទេរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ជាក់ស្តែងទៅកាន់អ្នកសិក្សា និងអ្នកប្រកបការងារក្នុងវិស័យទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ សមត្ថភាព និងវិជ្ជាជីវៈកាន់តែប្រសើរ ស្របតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា។












