ខេត្តបន្ទាយមានជ័យ៖ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ រួមជាមួយ លោក ហាប់ ហោន (តូនី) អគ្គនាយកក្រុមហ៊ុន ភី.អេស ហសភីថលលីធី ឯ.ក (P.S Hospitality Group) អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពី «សេវាកម្មប្រណីត ជំនាញសេវាកម្មសណ្ឋាគារ» ដែលសិក្សាចាប់ពីថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២៦ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពិធីបិទវគ្គ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់អនុវត្តចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ក្នុងការបំពេញការងារជាក់ស្តែងនៅតាមមូលដ្ឋានអាជីវកម្មរៀងៗខ្លួន ប្រកបដោយវិជ្ជាជីវៈ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់សេវាកម្មប្រកបដោយគុណភាព ស្តង់ដារ ភាពរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ភ្ញៀវ ដើម្បីបង្កើនការពេញចិត្ត និងទំនុកចិត្តពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
វគ្គបណ្តុះបណ្តាលនេះ បានរួមចំណែកពង្រឹងសមត្ថភាព និងលើកកម្ពស់ជំនាញវិជ្ជាជីវៈរបស់ធនធានមនុស្សក្នុងវិស័យបដិសណ្ឋារកិច្ច ព្រមទាំងជំរុញកិច្ចសហការរវាងក្រសួងទេសចរណ៍ និងវិស័យឯកជន ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ និងរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱ្យកាន់តែមានភាពប្រកួតប្រជែង និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។












