រាជធានីភ្នំពេញ៖ អបអរសាទរ វិទ្យាស្ថានខូហ្វី បានប្តូឈ្មោះជាផ្លូវការមកជា សាលាជំនាញខូហ្វី និងបានបន្តការទទួលស្គាល់ជាផ្លូវការរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឱ្យដំណើរការជាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ បន្ទាប់ពី ក្រុមការងារនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង របស់សាលា។
ការចុះត្រួតពិនិត្យបានផ្តោតលើ ការផ្ទៀងផ្ទាត់ឯកសារចាំបាច់ដើម្បីស្នើសុំប្តូឈ្មោះពីវិទ្យាស្ថាន មកសាលា បរិក្ខារ និងសម្ភារៈបណ្តុះបណ្តាល បន្ទប់សិក្សា ឯកសារបណ្តុះបណ្តាល កន្លែងអនុវត្តជាក់ស្តែង ធនធានគ្រូបង្គោល ព្រមទាំងលក្ខខណ្ឌចាំបាច់នានា ដើម្បីធានាថាការបណ្តុះបណ្តាលមានគុណភាព និងស្របតាមតម្រូវការរបស់វិស័យទេសចរណ៍។
គួរបញ្ជាក់ថា សាលាជំនាញខូហ្វី បានបណ្តុះបណ្តាលសិក្ខាកាមសរុបចំនួន ៨ជំនាន់ លើជំនាញ់ ឆុងកាហ្វេកម្រិតមូលដ្ឋានគ្រឹះ និងជំនាញឆុងកាហ្វេកម្រិតមធ្យមដែលមានសិក្ខាកាមសរុបចំនួន ៥២១នាក់ (ស្រី ២៨៨នាក់)។ អំឡុងឆ្នាំ២០២៥-២០២៦ នេះសាលាបានបណ្តុះបណ្តាលជំនាញឆុងកាហ្វេកម្រិតមូលដ្ឋានចំនួន ១៩នាក់ (ស្រី ១៣នាក់) និងថ្នាក់ឆុងកាហ្វេកម្រិតមធ្យមចំនួន ៨នាក់ (ស្រី ៣នាក់) នឹងគ្រោងបន្ថែមវគ្គគ្រលុកភេសជ្ជៈ និងជំនាញគ្រលុកស្រា ផងដែរសម្រាប់ឆ្នាំ២០២៧ ខាងមុខ។
ការទទួលស្គាល់ជាផ្លូវការនេះ គឺជាការបង្ហាញពីការខិតខំប្រឹងប្រែងរបស់ សាលាជំនាញខូហ្វី ក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងជាការចូលរួមចំណែកជាមួយក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព វិជ្ជាជីវៈ និងគុណវុឌ្ឍិ សម្រាប់បម្រើការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ជាមួយគ្នានេះ សាលានឹងបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ និងសម្ភារៈបណ្តុះបណ្តាល ព្រមទាំងលើកកម្ពស់សមត្ថភាពគ្រូបង្គោល និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យ ដើម្បីផ្តល់ឱកាសដល់យុវជន និងអ្នកមានបំណងចាប់យកអាជីពក្នុងវិស័យកាហ្វេ និងបដិសណ្ឋារកិច្ច ឱ្យទទួលបានជំនាញប្រកបដោយគុណភាព និងស្តង់ដា។











