ខេត្តក្រចេះ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០ និង ពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមបញ្ចប់វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា ហូកា»។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពនិងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, លោក លោកស្រី ប្រតិបត្តករទេសចរណ៍, សហគមន៍ទេសចរណ៍, គ្រឹះស្ថានសិក្សា, អ្នកផលិតមាតិការព័ត៌មាន, និងសិក្ខាកាម ដែលមានអ្នកចូលរួមសរុប ប្រមាណ ៣០០នាក់។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអបអរសាទរសិក្ខាកាមចំនួន ៥១ រូប ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ, វគ្គបណ្តុះបណ្តាលជំនាញមគ្គុទេសក៍ទេសចរណ៍ ដល់សហគមន៍ទេសចរណ៍កោះទ្រង់, វគ្គបណ្តុះបណ្តាលគ្រូបង្គោល លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋានអាជីវកម្ម និងសហគមន៍រៀងៗខ្លួន ប្រកបដោយវិជ្ជាជីវៈ, មានក្រមសីលធម៌, រក្សាស្នាមញញឹម ជាមួយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបន្តពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ស្របតាមទស្សនទាន «មនុស្សម្នាក់, ជំនាញមួយ, សេវាមួយ, ស្តង់ដាមួយ» ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម បង្កើនភាពពេញចិត្តរបស់ភ្ញៀវទេសចរ និងធ្វើឱ្យខេត្តក្រចេះកាន់តែមានភាពទាក់ទាញ ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ស្តង់ដា និងភាពប្រកួតប្រជែងខ្ពស់។
សាលមហោស្របខេត្តក្រចេះ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។



















































