អបអរសាទរសិក្ខាកាមទាំង ៧៩រូប ដែលបានបញ្ចប់វគ្គវិក្រឹតការពិសេស ជំនាន់ទី២ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ!
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តំណាងលោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការ រួមជាមួយឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ «វិក្រឹតការពិសេស ជំនាន់ទី២ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ» ដែលមានសិក្ខាកាមសរុបចំនួន ៧៩ រូប។
វគ្គវិក្រឹតការពិសេសនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មគ្គុទ្ទេសក៍ទេសចរណ៍ឱ្យស្របតាមតម្រូវការជាក់ស្តែងនៃវិស័យទេសចរណ៍ និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ កម្មវិធីសិក្សា និងឯកសារមេរៀនត្រូវបានរៀបចំឱ្យមានភាពទាន់សម័យ និងឆ្លើយតបនឹងបច្ចុប្បន្នភាពនៃវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ដើម្បីបង្កើតការយល់ដឹងរួម និងការអនុវត្តប្រកបដោយស្តង់ដារតែមួយ ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ និងការផ្សព្វផ្សាយតំបន់រមណីយដ្ឋានប្រកបដោយទំនួលខុសត្រូវ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលនូវចំណេះដឹងថ្មីៗអំពីរបកគំហើញផ្នែកបុរាណវិទ្យា ការអភិរក្ស និងការគ្រប់គ្រងបេតិកភណ្ឌ ក៏ដូចជាបច្ចេកទេសក្នុងការបកស្រាយ និងផ្សព្វផ្សាយតម្លៃវប្បធម៌ទៅកាន់ភ្ញៀវទេសចរប្រកបដោយវិជ្ជាជីវៈ។ មាតិកាទាំងនេះត្រូវបានបង្រៀនដោយមន្ត្រីជំនាញ និងអ្នកស្រាវជ្រាវរបស់ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា ដែលមានបទពិសោធន៍ផ្ទាល់ក្នុងការងារអភិរក្ស និងអភិវឌ្ឍវិស័យទេសចរណ៍។

















