ក្នុងឱកាសនៃព្រឹត្តិការណ៍ «ទិវាជំនាញហូកា ឆ្នាំ២០២៦» ក្រោមប្រធានបទគោល «ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈការសិក្សាពេញមួយជីវិត (Skills for a Shared Future: Empowering Tourism Professionals through Lifelong Learning)» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ រួមជាមួយលោក Reto Grueninger នាយកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលវិញ្ញាបនបត្រ ជូនដល់សិក្ខាកាមថ្នាក់ដុតនំជំនាន់ទី៨។
វគ្គបណ្តុះបណ្តាលបានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៤០រូប (វេនព្រឹក ២០រូប និងវេនរសៀល ២០រូប)។ សិក្ខាកាមត្រូវសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់សរុបចំនួន ៧២ម៉ោង លើបច្ចេកទេសធ្វើនំចំនួន ១០មុខ។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដោយសិក្សាទ្រឹស្តីមួយសប្តាហ៍ និងអនុវត្តផ្ទាល់នៅសប្តាហ៍បន្ទាប់ ដើម្បីធានាបាននូវសមត្ថភាពពេញលេញស្របតាមតម្រូវការទីផ្សារការងារ។ ក្រោយបញ្ចប់ការសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពផ្លូវការពីក្រសួងទេសចរណ៍។
គួររំលឹកផងដែរថា កន្លងមកក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលឧត្តមភាពម្ហូបអាហារម៉ីសាន បានរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់ចំនួន ៧ជំនាន់រួចមកហើយ ដែលមានសិក្ខាកាមសរុប ១៩៨នាក់ និងបានបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញជូនដល់សិក្ខាកាមចំនួន ២,៧១០នាក់បន្ថែមទៀត។
គួររំលឹកផងដែរថា កន្លងមក ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលឧត្តមភាពម្ហូបអាហារម៉ីសាន បានសហការរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់ចំនួន ៧ជំនាន់រួចមកហើយ ដោយមានសិក្ខាកាមសរុបចំនួន ១៩៨នាក់ និងបានពង្រីកការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញជូនដល់សិក្ខាកាមចំនួន ២,៧១០នាក់បន្ថែមទៀត។ សមិទ្ធផលនេះបានបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការពង្រីកលទ្ធភាពទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែច្រើនអាចទទួលបានចំណេះដឹង និងជំនាញសម្រាប់អភិវឌ្ឍសមត្ថភាពរបស់ខ្លួន។





































