បណ្តុះស្មារតីស្រឡាញ់វិស័យទេសចរណ៍តាំងពីវិទ្យាល័យ ក្រសួងទេសចរណ៍បន្តអភិវឌ្ឍន៍សៀវភៅសិក្សាថ្នាក់ទី១២!!
ទីស្តីការក្រសួងទេសចរណ៍៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំសៀវភៅសិក្សាមុខវិជ្ជាទេសចរណ៍ថ្នាក់ទី១២ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់ក្រុមការងារដឹកនាំរៀបចំសរសេរសៀវភៅសិក្សាមុខវិជ្ជាទេសចរណ៍ថ្នាក់ទី១២ ដើម្បីពិភាក្សាលើខ្លឹមសារមេរៀនលំអិតទាំង ១២ជំពូក។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមរបស់ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ សាលាវិជ្ជាជីវៈទេសចរណ៍ លោក-លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន តំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ សរុបប្រមាណ ៦៥នាក់ ដោយផ្ទាល់ និងតាមប្រព័ន្ធចម្ងាយ (Zoom Meeting)។
អង្គប្រជុំក៏បានចូលរួមធ្វើបទបង្ហាញ ពិភាក្សាលម្អិតលើខ្លឹមសារមេរៀននីមួយៗ និងផ្តល់មតិយោបល់បន្ថែមលើចំណុចសំខាន់ៗ ព្រមទាំងបានចូលរួមបញ្ចេញយោបល់កែលម្អយ៉ាងផុលផុស លើរចនាសម្ព័ន្ធមេរៀន គោលបំណងសិក្សា លទ្ធផលសិក្សារំពឹងទុក និងឧទាហរណ៍អនុវត្តជាក់ស្តែង ដើម្បីធានាឱ្យខ្លឹមសារសៀវភៅមានភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ទាន់សម័យ និងស្របតាមតម្រូវការជាក់ស្តែងនៃវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានលើកឡើងនូវអនុសាសន៍សំខាន់ៗសម្រាប់បន្តសម្រួល និងឯកភាពលើខ្លឹមសារឱ្យមានភាពស៊ីសង្វាក់គ្នារវាងជំពូកនីមួយៗ ប្រើប្រាស់ពាក្យបច្ចេកទេសឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារ ព្រមទាំងបញ្ចូលករណីសិក្សា និងបរិបទជាក់ស្តែងរបស់កម្ពុជា ដើម្បីជំរុញការគិតវិភាគ និងការអនុវត្តរបស់សិស្សឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមការងារ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំសៀវភៅសិក្សា ដែលបានខិតខំប្រឹងប្រែង សហការគ្នាប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ក្នុងការរៀបចំខ្លឹមសារមេរៀនឱ្យមានភាពសម្បូរបែប និងស្របតាមទិសដៅអភិវឌ្ឍវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានណែនាំដល់ក្រុមការងារបន្តពិនិត្យ សម្របសម្រួល និងកែលម្អខ្លឹមសារមេរៀនទាំង១២ជំពូក ឱ្យមានលក្ខណៈវិទ្យាសាស្ត្រ ស្របតាមកម្មវិធីសិក្សាជាតិ ងាយស្រួលយល់ និងអាចអនុវត្តបានជាក់ស្តែង ដោយផ្សារភ្ជាប់ទ្រឹស្តីទៅនឹងបរិបទជាក់ស្តែងនៃវិស័យទេសចរណ៍កម្ពុជា និងនិន្នាការទេសចរណ៍សកល សំដៅធានាបាននូវគុណភាព ប្រសិទ្ធភាព និងភាពសម្បូរបែបនៃសៀវភៅសិក្សា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការបណ្តុះការយល់ដឹងដល់យុវជនកម្ពុជាប្រកបដោយប្រសិទ្ធភាព។
ក្រុមការងារក៏បានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពិនិត្យ កែសម្រួល និងរៀបចំសៀវភៅសិក្សានេះឱ្យមានគុណភាពខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងការបង្រៀន និងការសិក្សានៅកម្រិតថ្នាក់ទី១២ ព្រមទាំងបន្តប្រមូលធាតុចូល និងមតិយោបល់ពីភាគីពាក់ព័ន្ធក្នុងរយៈពេល២សប្តាហ៍ខាងមុខ ដើម្បីបំពេញ និងកែលម្អខ្លឹមសារឱ្យកាន់តែគ្រប់ជ្រុងជ្រោយ មុនគោរពជូន ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យនឹងផ្តល់នូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់។









































