ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីហាត់ការវិជ្ជាជីវៈតាមមូលដ្ឋានអាជីវកម្ម សម្រាប់ ខេត្ត គោល ដៅ របស់ កម្ម វិធី អភិវឌ្ឍន៍ ជំនាញ»។ កម្មវិធីហាត់ការវិជ្ជាជីវៈតាមមូលដ្ឋានអាជីវកម្មនេះ មានគោលបំណងសំខាន់គឺ នាំគ្រូបង្គោល និងអ្នកបណ្តុះបណ្តាលតាមបណ្តាខេត្តគោលដៅគម្រោង ទៅទទួលបទពិសោធន៍ការងារជាក់ស្តែងនៅក្នុងសណ្ឋាគារ និងភោជនីយដ្ឋានស្តង់ដា ដើម្បីពង្រឹងជំនាញ និងធ្វើឱ្យការបណ្តុះបណ្តាលហូកា មានភាពជាក់ស្តែង និងស្របតាមតម្រូវការឧស្សាហកម្ម។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរង តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប,
លោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីសខន់ថាក់, លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ខេត្ត គោល ដៅ, លោក លោកស្រី តំណាងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍, គ្រូបង្គោលអាស៊ាន និងអ្នកវាយតម្លៃបង្គោលអាស៊ាន , តំណាងសមាគមឧស្សាកម្មទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ព្រមទាំង សិក្ខាកាមទាំងអស់ ប្រមាណ ៣០០នាក់។
ថ្លែងក្នុងពិធី ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះរដ្ឋបាលខេត្តសៀមរាប, គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍, អង្គការស្វីសខន់ថាក់ ព្រមទាំងភាគីពាក់ព័ន្ធ លោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល និងសហការី, តំណាងក្លឹបទេសចរណ៍ខេត្តសៀមរាប, ព្រមទាំងតំណាងម្ចាស់មូលដ្ឋានអាជីវកម្មទាំង ១៨ទីតាំង ដែលបានសហការយ៉ាងល្អក្នុងការរៀបចំ និងបានបន្តជាដៃគូដ៏សំខាន់របស់ក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សស្របតាមស្តង់ដាអាស៊ាន។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចថា បទពិសោធន៍ និងការចែករំលែករបស់លោក លោកស្រីវាគ្មិនទាំងអស់ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីភាពចាំបាច់នៃការរៀនសូត្រ ដោយត្រូវផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្តែងនៅហ្នឹងកន្លែង និង សារៈសំខាន់ នៃកិច្ចសហការរវាងស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន ក្នុងការពង្រឹងសមត្ថភាពគ្រូបង្គោល និងអ្នកជំនាញទេសចរណ៍។ ក្នុងន័យនេះ តាមរយៈការហាត់ការផ្ទាល់នេះសិក្ខាកាមបានទទួលការបង្ហាត់បង្ហាញ ការណែនាំ និងការតម្រង់ទិសពីអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារ កិច្ច ដើម្បីពង្រឹងសមត្ថភាពទាំងចំណេះដឹង ជំនាញបច្ចេកទេស និងឥរិយា បថ វិជ្ជាជីវៈស្របតាមស្តង់ដាឧស្សាហកម្មទេសចរណ៍ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ក្រសួងទេសចរណ៍កំពុងជំរុញការភ្ជាប់កម្មវិធីបណ្តុះបណ្តាល HoKa ទៅនឹងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (National Qualifications) ដើម្បីឱ្យជំនាញ និងបទពិសោធការងារទទួលបានការទទួលស្គាល់ជាផ្លូវការ និងបង្កើតគន្លងអាជីពកាន់តែច្បាស់លាស់។ ជាពិសេស ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការ ដើម្បីឱ្យការអភិវឌ្ឍជំនាញឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ស្របតាមទស្សនទាន ពី «ជំនាញ ទៅសមត្ថភាព» ពី «សមត្ថភាព ទៅគុណវុឌ្ឍិ» និងពី «គុណវុឌ្ឍិ ទៅអាជីព»។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការស្វីសខន់ថាក់ បានធ្វើការបណ្តុះបណ្តាលដល់យុវជនក្រីក្រ ងាយរងគ្រោះ អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្មនិងអ្នកគ្រប់គ្រងក្នុងសេវាកម្មបដិសណ្ឋារកិច្ចបានចំនួនជាង ៨.០០០នាក់ ដោយគិតចាប់ពីឆ្នាំ២០១៨ បានអនុវត្តលើជំនាញការិយាល័យជួរមុខគេហកិច្ច ចុងភៅ និងជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈមានសិក្ខាកាមសរុប ១១៩នាក់, និងតាមរយៈយន្តការវាយតម្លៃ ការសិក្សាពីមុន (RPL) ដល់អ្នកជំនាញទេសចរណ៍ ប្រមាណ ២.២០០នាក់ រួចមកហើយ, ព្រមទាំងបានវាយតម្លៃទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពចំនួន៤ទីតាំង ដែលក្នុងនោះរួមមាន មជ្ឈមណ្ឌល វាយតម្លៃ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ផងដែរ។
សាលាសណ្ឋាគារ និង ទេសចរណ៍ប៉ូលឌុល ប្រូ ខេត្តសៀមរាប, ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

















































