ក្នុងឱកាសនៃព្រឹត្តិការណ៍ «ទិវាជំនាញហូកា ឆ្នាំ២០២៦» ក្រោមប្រធានបទគោល «ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈការសិក្សាពេញមួយជីវិត (Skills for a Shared Future: Empowering Tourism Professionals through Lifelong Learning)» មានការរៀបចំវេទិកាពិភាក្សាលើប្រធានបទទី២ ក្រោមចំណងជើង «ហូកា ឆ្ពោះទៅរកគុណវុឌ្ឍិជាតិវិជ្ជាជីវៈ៖ ការទទួលស្គាល់សមត្ថភាព និងការពង្រឹងស្តង់ដាវិជ្ជាជីវៈ» ដោយមានការចូលរួមពីអ្នកជំនាញ និងតំណាងស្ថាប័នពាក់ព័ន្ធក្នុងវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សហគ្រិនភាព និងបដិសណ្ឋារកិច្ច។
វេទិកានេះត្រូវបានសម្របសម្រួលដោយ លោក Subas Subedi ប្រធានក្រុមនៃកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់អង្គការស្វីសខន់ថាក់ និងមានវាគ្មិនកិត្តិយសចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងទស្សនៈសំខាន់ៗ រួមមាន៖
១.លោក ប៊ុន ហៀង អនុប្រធាននាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
២.លោក វុធ ណូរ៉ា ប្រធានក្រុមអភិវឌ្ឍន៍សហគ្រិនភាព នៃសហគ្រិនខ្មែរ។
៣.លោក François SCHNOEBELEN នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុប្រ៊ូល ខេត្តសៀមរាប។
៤.លោក ដុំ សំបូរ នាយករងនៃសាលាបដិសណ្ឋារកិច្ចស្ពូន ខេត្តសៀមរាប។
តាមរយៈវេទិកានេះ អ្នកចូលរួមមានឱកាសពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើសារៈសំខាន់នៃការទទួលស្គាល់សមត្ថភាពវិជ្ជាជីវៈ ការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការពង្រឹងស្តង់ដាជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃវិស័យទេសចរណ៍។ ជាពិសេស ការជំរុញឱ្យមានការភ្ជាប់ទំនាក់ទំនងកាន់តែរឹងមាំរវាងប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិស័យឯកជន ដើម្បីធានាថា អ្នកជំនាញទេសចរណ៍មានចំណេះដឹង ជំនាញ និងសមត្ថភាពដែលអាចអនុវត្តបានជាក់ស្តែងនៅកន្លែងធ្វើការ។
ជាមួយគ្នានេះ ការទទួលស្គាល់សមត្ថភាពដែលទទួលបានពីការសិក្សា ការបណ្តុះបណ្តាល និងបទពិសោធន៍ការងារ ព្រមទាំងការជំរុញឱ្យមានការអភិវឌ្ឍជំនាញជាបន្តបន្ទាប់ នឹងរួមចំណែកបង្កើនឱកាសការងារ ការរីកចម្រើនក្នុងអាជីព និងភាពប្រកួតប្រជែងរបស់កម្លាំងពលកម្មក្នុងវិស័យទេសចរណ៍។ ការពង្រឹងគុណវុឌ្ឍិជាតិវិជ្ជាជីវៈ និងស្តង់ដាជំនាញ ក៏ជាមូលដ្ឋានដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មបដិសណ្ឋារកិច្ច និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានគុណភាព និរន្តរភាព និងសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ។









