ក្រុងកោះរ៉ុង៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សមាគមអភិរក្សបរិស្ថានក្រុងកោះរ៉ុង(KRECA) ក្រោមកិច្ចសហការជាមួយគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ និងទទួលបានសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២៥ នាក់ (ស្រី ១៦ នាក់)។
វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ដែលមានមេរៀនគន្លឹះៗ រួមមាន៖
១.ក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន
ធាតុសំខាន់ៗនៃសមត្ថភាព
២.ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (CBT)
៣.ការវាយតម្លៃផ្អែកលើសមត្ថភាព (CBA)
៤.ការសិក្សាសកម្ម និងការបណ្តុះបណ្តាលសកម្ម
៥.គន្លឹះ និងជំនាញបណ្តុះបណ្តាលបច្ចេកទេស
គន្លឹះ និងជំនាញធ្វើបទបង្ហាញ
៦.ការរៀបចំធនធាន និងសម្ភារៈរបស់គ្រូបណ្តុះបណ្តាលបច្ចេកទេស
៧.វិធីសាស្ត្រទាំង ១២ សម្រាប់ការបណ្តុះបណ្តាលសកម្ម - ប្រកបដោយប្រសិទ្ធភាព
៨.ការប្រើប្រាស់ធនធាន និងឯកសារបណ្តុះបណ្តាលរបស់គម្រោងបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)
៩.ការរៀបចំផែនការ និងការត្រៀមលក្ខណៈសម្រាប់ការបណ្តុះបណ្តាល។
តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមទាំងផ្នែកបច្ចេកទេស និងវិធីសាស្ត្របង្រៀន ដែលជាមូលដ្ឋានសំខាន់ក្នុងការផ្ទេរចំណេះដឹង និងជំនាញទៅកាន់អ្នកសិក្សាឱ្យមានប្រសិទ្ធភាព ព្រមទាំងជំរុញការអនុវត្តតាមស្តង់ដារវិជ្ជាជីវៈក្នុងវិស័យបដិសណ្ឋារកិច្ច។
























