រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងរបស់ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. លោក ពុទ្រា សោភ័ណ្ណរ៉ា អនុប្រធាននាយកដ្ឋាន បានដឹកនាំមន្រ្តីជំនាញ ២រូប ចូលរួមកិច្ចប្រជុំបច្ចេកទេស និងឆ្លុះបញ្ចាំងអំពីការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) នៅសណ្ឋាគារ Anik Palace Hotel។
កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមដោយ លោក គង់ ដារ៉ា ប្រធានគ្រប់គ្រងកម្មវិធីបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ ព្រមទាំងលោក លោកស្រី ជាតំណាងមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងទាំង១២ ប្រមាណ៥០នាក់។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលហូកា ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងកំណត់ទិសដៅអាទិភាពសម្រាប់ឆ្នាំ២០២៧-២០២៨។ ជាមួយគ្នានេះ អង្គប្រជុំក៏បានធ្វើការវិភាគ SWOT ដែលរួមមាន ភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង ដើម្បីកំណត់យុទ្ធសាស្ត្រសមស្របក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី។
កិច្ចប្រជុំបានផ្តល់ឱកាសដល់តំណាងមន្ទីរទេសចរណ៍ខេត្តទាំង ១២ ក្នុងការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងមេរៀនដែលទទួលបានពីការអនុវត្តកម្មវិធីនៅតាមមូលដ្ឋាន ដើម្បីពង្រឹងការសម្របសម្រួល ការផ្លាស់ប្តូរព័ត៌មាន និងការចូលរួមរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។
ជារួម កិច្ចប្រជុំនេះ គឺជាយន្តការដ៏សំខាន់ក្នុងការពង្រឹងការគ្រប់គ្រង និងការអនុវត្តកម្មវិធីហូកា តាមរយៈការតាមដាន វាយតម្លៃ និងកែលម្អជាបន្តបន្ទាប់ សំដៅធានាឱ្យការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍មានគុណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យឯកជន ព្រមទាំងរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យមានសមត្ថភាព ជំនាញ និងវិជ្ជាជីវៈស្របតាមស្តង់ដាជាតិ និងអាស៊ាន ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។

































