ទីស្តីការក្រសួងទេសចរណ៍៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានដឹកនាំកិច្ចប្រជុំផ្តាំផ្ញើ និងផ្តល់អនុសាសន៍ដល់មន្ត្រីនៃនាយកដ្ឋានចំនួន ៥រូប ដែលនឹងត្រូវចុះហ្វឹកហាត់ការងារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានស្តង់ដា ក្រោមកម្មវិធី ហ្វឹកហាត់ការងារវិជ្ជាជីវៈតាមអាជីវកម្ម (Professional Industry Placement – PIP) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
កម្មវិធី PIP គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់មន្ត្រី និងអ្នកជំនាញទេសចរណ៍ មកពីខេត្តគោលដៅគម្រោង ហូកា (HoKa) ក្នុងការទទួលបានបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងតាមរយៈការចូលរួមហ្វឹកហាត់ការងារផ្ទាល់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានដែលមានស្តង់ដា។ ការហ្វឹកហាត់នេះ នឹងជួយឱ្យអ្នកចូលរួមស្វែងយល់កាន់តែច្បាស់អំពីដំណើរការបម្រើសេវាកម្ម ការគ្រប់គ្រងប្រតិបត្តិការ បច្ចេកទេសការងារ និងស្តង់ដារវិជ្ជាជីវៈដែលកំពុងអនុវត្តជាក់ស្តែងនៅក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។
កម្មវិធីនេះមានគោលបំណងភ្ជាប់ ចំណេះដឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីឱ្យមន្ត្រីអាចយកបទពិសោធន៍ដែលទទួលបានទៅចែករំលែក និងអនុវត្តក្នុងការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅតាមខេត្តគោលដៅរៀងៗខ្លួន។ តាមរយៈការសិក្សាពីបរិបទការងារពិត អ្នកចូលរួមក៏អាចកំណត់បាននូវតម្រូវការជំនាញថ្មីៗ និងបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងវិស័យ ដើម្បីយកមកកែលម្អគុណភាពកម្មវិធីបណ្តុះបណ្តាលឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
ក្នុងឱកាសនេះ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានផ្តាំផ្ញើឱ្យមន្ត្រីទាំង ៥រូប យកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហាត់ សិក្សារៀនសូត្រពីអ្នកជំនាញ និងបុគ្គលិកជំនាញនៅតាមអាជីវកម្ម ព្រមទាំងគោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងបទបញ្ជាផ្ទៃក្នុងរបស់អាជីវកម្ម។ ទន្ទឹមនឹងនេះ ត្រូវកត់ត្រា និងប្រមូលបទពិសោធន៍ល្អៗ ដើម្បីយកមកបណ្តុះបណ្តាលបន្តឱ្យស្របនឹងបទពិសោធន៍ជាក់ស្តែង។







