សិក្សាទ្រឹស្តី ផ្សារភ្ជាប់ការអនុវត្ត របស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ ស្របតាម ASEAN MRA-TP សម្រាប់ខេត្តសៀមរាប!! ខេត្តសៀមរាប៖ សកម្មភាពថ្ងៃទី៦ និងទី៧ នៃវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ (National Assessors) លើសេវាកម្មសណ្ឋាគារ ស្របតាមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (ASEAN MRA-TP) សិក្ខាកាមបានអនុវត្តការវាយតម្លៃជាក់ស្តែង ដោយរៀបចំ និងធ្វើបទបង្ហាញអំពីដំណើរការវាយតម្លៃសមត្ថភាព (Competency Assessment Process) តាមរយៈការជ្រើសរើស ឯកតាសមត្ថភាព (Unit of Competency) មួយពីប្រអប់បណ្តុះបណ្តាលអាស៊ាន (ASEAN Toolbox) ដើម្បីធ្វើការវាយតម្លៃក្នុងរយៈពេល ៣០នាទី។ សកម្មភាពអនុវត្តនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពជាក់ស្តែង និងការយល់ដឹងរបស់សិក្ខាកាម ក្នុងនាមជាអ្នកវាយតម្លៃបង្គោលជាតិ ដោយផ្តោតលើការអនុវត្តនីតិវិធីវាយតម្លៃឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារសមត្ថភាពអាស៊ាន និងគោលការណ៍វាយតម្លៃផ្អែកលើសមត្ថភាព (Competency-Based Assessment)។ ក្នុងដំណើរការនេះ សិក្ខាកាមបានរៀបចំ និងប្រើប្រាស់ឯកសារសំខាន់ៗសម្រាប់ការវាយតម្លៃ រួមមាន៖ ១. ផែនការវាយតម្លៃ (Assessment Plan) ២. តារាងម៉ាទ្រីសនៃការវាយតម្លៃ (Assessment Matrix) ៣. ឧបករណ៍វាយតម្លៃ (Assessment Tools) ៤. តារាងសម្រេចលទ្ធផលវាយតម្លៃ (Assessment decision grild) ៥. សន្លឹកកត់ត្រាលទ្ធផលនៃការវាយតម្លៃសមត្ថភាព (Competency Recording Sheet) តាមរយៈការអនុវត្តផ្ទាល់ និងការធ្វើបទបង្ហាញ សិក្ខាកាមបានអភិវឌ្ឍសមត្ថភាពក្នុងការរៀបចំផែនការវាយតម្លៃ កំណត់លក្ខខណ្ឌវិនិច្ឆ័យ (Assessment Criteria) ប្រើប្រាស់ឧបករណ៍វាយតម្លៃឱ្យស្របតាមស្តង់ដារ ប្រមូលភស្តុតាងនៃសមត្ថភាព (Evidence of Competence) និងកត់ត្រាលទ្ធផលវាយតម្លៃប្រកបដោយតម្លាភាព ភាពយុត្តិធម៌ និងវិជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះ សិក្ខាកាមក៏បានទទួលយោបល់ និងអនុសាសន៍ពីគ្រូឧទ្ទេស ដើម្បីកែលម្អ និងពង្រឹងគុណភាពនៃការវាយតម្លៃឱ្យកាន់តែមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្នុងក្របខណ្ឌនៃការអភិវឌ្ឍ និងពង្រឹងសមត្ថភាពអ្នកវាយតម្លៃបង្គោលជាតិរបស់ក្រសួងទេសចរណ៍ ដើម្បីធានាថាការវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ ត្រូវបានអនុវត្តប្រកបដោយគុណភាព វិជ្ជាជីវៈ តម្លាភាព និងស្របតាមស្តង់ដារ ASEAN MRA-TP។ ការពង្រឹងសមត្ថភាពអ្នកវាយតម្លៃបង្គោលជាតិនេះ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សវិស័យទេសចរណ៍ ធានាការទទួលស្គាល់សមត្ថភាពអ្នកជំនាញទេសចរណ៍ក្នុងតំបន់អាស៊ាន និងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយគុណភាព និរន្តរភាព និងភាពប្រកួតប្រជែង។