ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឈុន មករា អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ អមដំណើរដោយលោកបណ្ឌិតប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមន្ត្រីជំនាញនៃនាយកដ្ឋាន បានចុះបំពេញទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សមាគមបំពេញសុបិនយុវជន ដើម្បីចុះតាមដានត្រួតពិនិត្យ និងវាយតម្លៃដំណើរការ នៃការវាយតម្លៃបញ្ចប់វគ្គរបស់សិក្ខាកាមជំនាន់ទី១២ និងពិនិត្យលទ្ធផលនៃការអនុវត្តរបស់សមាគមបំពេញសុបិនយុវជនសំដៅពង្រឹងគុណភាពបណ្តុះបណ្តាល និងតម្រង់ទិសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។
ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងក្រុមការងារសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នៃសមាគមបំពេញសុបិនយុវជន ឱ្យបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ និងគុណភាពខ្ពស់ ព្រមទាំងបន្តកែលម្អកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងការអនុវត្តជាក់ស្តែងឱ្យស្របតាមស្តង់ដាជំនាញវិជ្ជាជីវៈ និងតម្រូវការទីផ្សារការងារ។ ឯកឧត្តមអគ្គនាយកក៏បានលើកទឹកចិត្តឱ្យសមាគមបន្តបង្កើនការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលយុវជន ជាពិសេសយុវជនដែលមានជីវភាពខ្វះខាត ឱ្យទទួលបានឱកាសសិក្សា និងអភិវឌ្ឍជំនាញប្រកបដោយសមធម៌ ដើម្បីឱ្យពួកគេមានចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើទីផ្សារការងារ។
នាឱកាសនោះ ឯកឧត្តមអគ្គនាយក រួមជាលោកបណ្ឌិតប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមន្ត្រីជំនាញនៃនាយកដ្ឋាន ក៏បានពិនិត្យមើលអំពីដំណើរការ និងនិតិវិធីនៃការវាយតម្លៃរបស់
សិក្ខាកាមជំនាន់ទី១២ នៃសមាគមបំពេញសុបិនយុវជន បានបង្ហាញនូវចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួនក្នុងការវាយតម្លៃចុងក្រោយ បន្ទាប់ពីបានបញ្ចប់ការបណ្ដុះបណ្ដាលក្នុងសាលារយៈពេល១០ខែ។ ការវាយតម្លៃលើជំនាញវិជ្ជាជីវៈចំនួន៤ រួមមាន៖ ផ្នែកការិយាល័យជួរមុខ ផ្នែករៀបចំបន្ទប់ ផ្នែកសេវាកម្មអាហារ និងភេសជ្ជៈ និងផ្នែកចម្អិនអាហារ ដោយលោកគ្រូជាអ្នកវាយតម្លៃឆ្នើម
ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន នៅខេត្តសៀមរាបកន្លងមក តាមរយៈក្រសួងទេសចរណ៍។
គួរបញ្ជាក់ផងដែរថាសមាគម បានផ្តល់អាហាររូបករណ៍ដល់សិស្សជារៀងរាល់ឆ្នាំ ចំនួន១០០% សម្រាប់ការសិក្សាមួយវគ្គពេញ សម្រាប់មុខជំនាញវិជ្ជាជីវៈទេសចរណ៍ សមាគម បានធ្វើការបណ្តុះបណ្តាលលើជំនាញរៀបចំបន្ទប់ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ បដិសណ្ឋារកិច្ច និងជំនួយការចុងភៅ អមដោយមុខវិជ្ជាគាំទ្រដូចជា ភាសាអង់គ្លេស និងកំព្យុទ័រ ចាប់ពីឆ្នាំ២០១៦-២០២៦ សរុបចំនួន ៦០៣នាក់ ស្រី ៣៦៤នាក់។

























