រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានចំនួនសរុប ៣រូប ជួបពិភាក្សាការងារជាមួយលោក ពក បញ្ញាពេជ្រ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រិនខ្មែរ (Khmer Enterprise) ដើម្បីពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការជាមួយ សហគ្រិនខ្មែរ ដើម្បីជំរុញការចាប់ផ្តើម ពង្រឹង និងអភិវឌ្ឍសហគ្រិនភាពក្នុងវិស័យទេសចរណ៍នៅកម្ពុជា សំដៅលើកកម្ពស់គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។
ក្នុងជំនួបនេះលោកបណ្ឌិតប្រធាននាយកដ្ឋានបានគូសបញ្ជាក់អំពីសកម្មភាពរបស់ក្រសួងទេសចរណ៍ លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍តាមការអភិវឌ្ឍ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការគាំទ្រដល់ប្រតិបតិ្តករទេសចរណ៍លើការពងឹ្រងសមត្ថភាព និងការពង្រីកអាជីវកម្ម និងគម្រោងគាំទ្រកោះទ្រង់ជាគោលដៅទេសចរណ៍បៃតង ដែលគាំទ្រដោយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
លោក ពក បញ្ញាពេជ្រ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រិនខ្មែរបានលើកឡើងថា សហគ្រិនខ្មែរជាស្ថាប័នបង្កើតឡើងដោយ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏ រស់រវើកនៅកម្ពុជា ដោយជំរុញ សកម្មភាពសហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួន ៤សំខាន់គឺ៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យា ក្នុងធុរកិច្ចថ្មី វិស័យសេវាកម្ម (ដោយរួមមានផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍) ។
ជាលទ្ធផលក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ បានពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការគាំទ្រ និងអភិវឌ្ឍអាជីវកម្មខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍ (SMEs) និងការអភិវឌ្ឍសហគ្រិនភាពសម្រាប់សហគមន៍អេកូកោះទ្រង់ជាគោលដៅទេសចរណ៍បៃតង។








