ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាស្តីពី «កិច្ចសហការឧស្សាហកម្មអន្តរជាតិកម្ពុជា-ចិន» (Cambodia-China International Industry Cooperation) ក្រោមប្រធានបទពាក់ព័ន្ធនឹង Smart Construction Standard, Center for Excellence និង International Tourism Institute ដើម្បីស្វែងរកកាលានុវត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។
ក្នុងឱកាសនោះ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានចែករំលែកនូវទស្សនៈ និងបទពិសោធន៍របស់កម្ពុជាពាក់ព័ន្ធនឹងតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងបង្ហាញពីវឌ្ឍនភាពនៃការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលថ្នាក់ជាតិ ការធ្វើសមាហរណកម្មស្តង់ដាជំនាញវិជ្ជាជីវៈតាមស្តង់ដាអាស៊ាន និងការគាំទ្រដល់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលស្របតាមក្របខ័ណ្ឌ និងស្តង់ដាអាស៊ាន។
លោកបណ្ឌិត បានលើកឡើងពីភាពចាំបាច់នៃការលើកកម្ពស់គុណភាព និងភាពប្រកួតប្រជែងនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃឧស្សាហកម្មទេសចរណ៍ តម្រូវការទីផ្សារការងារក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងនិន្នាការថ្មីៗក្នុងវិស័យបដិសណ្ឋារកិច្ច។
ជាពិសេស លោកបណ្ឌិត បានស្នើសុំកិច្ចសហការពីភាគីចិន ក្នុងការគាំទ្រផ្នែកបច្ចេកទេស និងជំនាញ ដើម្បីរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់វិជ្ជាជីវៈទេសចរណ៍ (Higher Diploma) លើជំនាញសេវាកម្មសណ្ឋាគារ ដែលនឹងក្លាយជាមូលដ្ឋានសំខាន់ក្នុងការលើកកម្ពស់កម្រិតសមត្ថភាពវិជ្ជាជីវៈ ការបង្កើតផ្លូវអភិវឌ្ឍអាជីព និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញកម្រិតខ្ពស់ ស្របតាមតម្រូវការរបស់ទីផ្សារការងារ និងស្តង់ដាអន្តរជាតិ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងទេសចរណ៍ រំពឹងថានឹងចូលរួមចំណែកពង្រឹងប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានគុណភាព ស្តង់ដា និងភាពប្រកួតប្រជែង ព្រមទាំងបង្កើនសមត្ថភាពកម្លាំងពលកម្មជំនាញ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព និងលើកកម្ពស់កិត្យានុភាពទេសចរណ៍កម្ពុជាលើឆាក
តំបន់ និងអន្តរជាតិ។












