ទីស្តីការក្រសួងទេសចរណ៍៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋាន ជួបពិភាក្សាការងារជាមួយលោកTim Gamper អ្នកជំនាញទេសចរណ៍នៃក្រុមការងាររៀបចំគម្រោង (Formulation Team) របស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ LuxDev នៃប្រទេស Luxembourg ដើម្បីពិនិត្យលទ្ធភាពលើ កិច្ចសហប្រតិបត្តិការក្នុងការជំរុញការបណ្តុះបណ្តាលសម្រាប់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងស្តង់ដារអន្តរជាតិ។
ក្នុងជំនួបនេះ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកTim Gamper និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតភាពជាដៃគូជាមួយក្រសួងទេសចរណ៍។ លោកបណ្ឌិតក៏បានគូសបញ្ជាក់អំពីការដឹកនាំប្រកបដោយចក្ខុវិស័យ និងការយកចិត្តទុកដាក់យ៉ាងខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលសំខាន់ៗចំនួន ៣ រួមមាន៖ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) កម្មវិធីបណ្តុះបណ្តាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (CQF) និងកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអាស៊ាន (ASEAN MRA-TP) ដែលជាយន្តការសំខាន់ក្នុងការលើកកម្ពស់គុណភាពអ្នកជំនាញទេសចរណ៍ បង្កើនឱកាសការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងសម្រាប់ការធ្វើចល័តភាពការងារនៅក្នុងតំបន់ និងអន្តរជាតិ។
ការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ ដៃគូអភិវឌ្ឍន៍ និងវិស័យពាក់ព័ន្ធ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព នឹងរួមចំណែកដល់ការបង្កើតប្រព័ន្ធអភិវឌ្ឍជំនាញដែលមានភាពឆ្លើយតប បត់បែន និងផ្អែកលើតម្រូវការទីផ្សារការងារ ព្រមទាំងស្របតាមស្តង់ដារតំបន់ និងអន្តរជាតិ។







