រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សា និងត្រៀមលក្ខណៈចាំបាច់សម្រាប់ការរៀបចំកម្មវិធីចំនួន ២សម្រាប់ខេត្តសៀមរាប នាពេលខាងមុខ រួមមាន៖
១. វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន (ASEAN MRA-TP) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
២. សិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (Basic Education Equivalent Programme-BEEP) ក្នុងវិស័យទេសចរណ៍” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនខេត្តសៀមរាប។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសបានពិនិត្យលើផែនការសកម្មភាព ការបែងចែកភារកិច្ច ការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ និងលក្ខខណ្ឌចាំបាច់នានា ដើម្បីធានាឱ្យកម្មវិធីទាំងពីរប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងសម្រេចបានតាមគោលបំណងដែលបានកំណត់។
ការរៀបចំកម្មវិធីទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានវិជ្ជាជីវៈ គុណភាព និងសមត្ថភាពប្រកួតប្រជែងក្នុងតំបន់អាស៊ាន និងអន្តរជាតិ។










