ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការណែនាំបន្ថែមពី លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ កញ្ញា រស់ សូលិកា អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាល «ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍» សម្រាប់សិក្ខាកាមនៅខេត្តស្ទឹងត្រែង។
ក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាល លោកគ្រូឧទ្ទេសបានចែករំលែកចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងបច្ចេកទេសវិជ្ជាជីវៈលើមេរៀនស្តីពី «តួនាទី និងភារកិច្ចរបស់មគ្គុទ្ទេសក៍ទេសចរណ៍» ដែលជាមេរៀនស្នូលសម្រាប់ការអភិវឌ្ឍសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ ក្នុងការផ្តល់ព័ត៌មាន បកស្រាយ និងថែទាំភ្ញៀវទេសចរប្រកបដោយវិជ្ជាជីវៈ។
គោលបំណងសំខាន់នៃមេរៀន រួមមាន៖
១.ពង្រឹងការយល់ដឹងអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មគ្គុទ្ទេសក៍ទេសចរណ៍។
២.អភិវឌ្ឍបុគ្គលិកលក្ខណៈ និងឥរិយាបថវិជ្ជាជីវៈដែលសមស្របសម្រាប់ការបម្រើភ្ញៀវទេសចរ។
៣.ពង្រឹងជំនាញក្នុងការធ្វើបទអធិប្បាយ និងការបកស្រាយព័ត៌មានទេសចរណ៍ឱ្យមានភាពទាក់ទាញ ត្រឹមត្រូវ និងងាយយល់។
៤.អភិវឌ្ឍវិធីសាស្ត្រដឹកនាំក្រុមភ្ញៀវទេសចរប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្ត។
៥.ស្វែងយល់អំពីកត្តាសំខាន់ៗដែលជំរុញឱ្យភ្ញៀវទេសចរសម្រេចចិត្តធ្វើដំណើរ និងជ្រើសរើសគោលដៅទេសចរណ៍។
៦.ពង្រឹងសិល្បៈនៃការសន្ទនា ការប្រាស្រ័យទាក់ទង និងជំនាញទំនាក់ទំនងអន្តរបុគ្គលជាមួយភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធ។
៧.អភិវឌ្ឍយុទ្ធសាស្ត្រក្នុងការបង្កើតបទពិសោធន៍វិជ្ជមាន ដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរវិលត្រឡប់មកទស្សនាម្តងទៀត។
៨.ពង្រឹងសមត្ថភាពក្នុងការវាយតម្លៃ និងត្រួតពិនិត្យកម្រិតពេញចិត្តរបស់ភ្ញៀវទេសចរ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្តបន្ទាប់។
មេរៀននេះមានសារៈសំខាន់ក្នុងការរៀបចំមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ឱ្យមានសមត្ថភាពទាំងផ្នែកចំណេះដឹង ជំនាញ និងអាកប្បកិរិយាវិជ្ជាជីវៈ ដើម្បីអាចបំពេញតួនាទីជាតំណាងឱ្យគោលដៅទេសចរណ៍ និងសហគមន៍ក្នុងការផ្តល់សេវាជូនភ្ញៀវប្រកបដោយគុណភាព។ ការពង្រឹងសមត្ថភាពទាំងនេះនឹងរួមចំណែកលើកកម្ពស់បទពិសោធន៍របស់ភ្ញៀវទេសចរ បង្កើនភាពពេញចិត្ត និងការវិលត្រឡប់មកទស្សនាជាថ្មី ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយគុណភាព និងចីរភាព។ ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាលក៏ជាការត្រៀមខ្លួនដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម ដើម្បីត្រៀមទទួលភ្ញៀវក្នុងព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ក្រោមមូលបទ «សក្តានុពលអេកូទេសចរណ៍ភូមិភាគឦសានក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខ នៅខេត្តស្ទឹងត្រែង។




























