ទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ពុទ្រា សោភ័ណ្ណរ៉ា អនុប្រធាននាយកដ្ឋាន ជាតំណាងរបស់ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគម្រោងហូកា និងក្រុមការងារសរុបចំនួន ២នាក់ បានជួបប្រជុំពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការសម្របសម្រួលដោយអង្គការស្វីសខន់ថាក់ (Swisscontact) មាន លោក ខុន សារិន អ្នកសម្រួសម្រួបការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ និងលោក ខ្លី អ៊ុល អ្នកសម្របសម្រួលជាន់ខ្ពស់សម្រាប់ការអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស របស់អង្គការស្វីសខន់ថាក់ និងវិជ្ជាជីវៈ និងក្រុមហ៊ុនអេធីភី ខនសាល់ធិន បានពិភាក្សាលើការរៀបចំ «កញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ ២ និង ៣ លើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញចម្អិនម្ហូបអាហារ» នៅនាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា។
កិច្ចប្រជុំពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិភាក្សាលើទម្រង់បច្ចេកទេសលើការកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ ២ និង ៣ លើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញចម្អិនម្ហូបអាហារ ឱ្យអនុលោមតាមលិខិតដ្ឋានគតិយុត្តិដែលបានដាក់ឱ្យអនុវត្តកន្លងមក។
គួរបញ្ជាក់ផងដែរថា ការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ លើគុណវុឌ្ឍិទាំង ១២ ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (CQF) នឹងរួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់នូវច្រកសិក្សា និងការទទួលស្គាល់សមត្ថភាពជំនាញប្រកបដោយតម្លាភាព និងស្តង់ដារជាតិ។ ប្រព័ន្ធនេះអនុញ្ញាតឱ្យអ្នកសិក្សាអាចបន្តការសិក្សា ឬធ្វើការវាយតម្លៃសមត្ថភាពតាមបទពិសោធន៍ការងារ (Recognition of Prior Learning -RPL) រហូតទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលតាមកម្រិតគុណវុឌ្ឍិជាតិ។
ជាមួយគ្នានេះ ការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលផ្អែកលើសមត្ថភាព និងប្រព័ន្ធវាយតម្លៃស្របតាមស្តង់ដា នឹងជួយបង្កើនគុណភាពកម្លាំងពលកម្មទេសចរណ៍ ឆ្លើយតបនឹងតម្រូវការរបស់វិស័យឯកជន បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងអន្តរជាតិ និងគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនចំនួន ១,៥ លាននាក់ សំដៅលើកកម្ពស់ជំនាញ ការងារ ប្រាក់ចំណូល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

















