ខេត្តបន្ទាយមានជ័យ៖ សកម្មភាពថ្ងៃទី១ និងថ្ងៃទី២ នៃវគ្គបណ្តុះបណ្តាលស្តីពី «សេវាកម្មប្រណីត ជំនាញសេវាកម្មសណ្ឋាគារ» ដែលសិក្សាចាប់ពីថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២៦ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលនេះ រួមមានមេរៀនសំខាន់ៗចំនួន ៣គឺ៖
១.អន្តរវប្បធម៌ក្នុងវិស័យទេសចរណ៍៖ សិក្សាអំពីភាពចម្រុះនៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងការគោរពភាពខុសគ្នានៃវប្បធម៌។
២.បដិសណ្ឋារកិច្ច និងសេវាកម្មអតិថិជន៖ ពង្រឹងសមត្ថភាពក្នុងការទទួលស្វាគមន៍ ការប្រាស្រ័យទាក់ទង ការយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អតិថិជន ការដោះស្រាយបញ្ហា និងការផ្តល់បទពិសោធន៍សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ វិជ្ជាជីវៈ និងគុណភាពខ្ពស់។
៣.ស្តង់ដា និងនីតិវិធីផ្តល់សេវាកម្មសម្រាប់ភោជនីយដ្ឋាន**៖ សិក្សាអំពីស្តង់ដារសេវាកម្ម នីតិវិធីនៃការរៀបចំ និងការផ្តល់សេវាកម្ម ការរៀបចំបរិយាកាសទទួលទានអាហារ ការបម្រើភ្ញៀវ និងការរក្សាអនាម័យ ដើម្បីធានាបាននូវសេវាកម្មមានស្តង់ដារ និងឆ្លើយតបទៅនឹងការរំពឹងទុករបស់អតិថិជន។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចូលរួមបង្រៀនដោយលោក សាំង ចន្ធូ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ និងលោក ឈាន សុខផល នាយកសាលាស្រាក្រឡុកកម្ពុជា (Cambodia Cocktail School – CCS) ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញជាក់ស្តែងពាក់ព័ន្ធនឹងការផ្តល់សេវាកម្មក្នុងវិស័យបដិសណ្ឋារកិច្ច។
តាមរយៈការសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង វគ្គបណ្តុះបណ្តាលនេះរំពឹងថា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ការយល់ដឹងអំពីស្តង់ដាសេវាកម្ម និងជំនាញទំនាក់ទំនងរបស់សិក្ខាកាម ដើម្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែង ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយគុណភាព វិជ្ជាជីវៈ និងភាពប្រណីតនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានក្នុងក្រុងប៉ោយប៉ែត។
ការអភិវឌ្ឍជំនាញ និងការពង្រឹងស្តង់ដាសេវាកម្មទេសចរណ៍ គឺជាកត្តាសំខាន់ក្នុងការបង្កើនភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍ ការកសាងទំនុកចិត្តពីភ្ញៀវទេសចរ និងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព។



































