ខេត្តសៀមរាប៖ សកម្មភាពថ្ងៃទី៣ និងទី៤ របស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (AEAN-MRA-TP) បានអនុវត្តការរៀបចំ និងធ្វើបទបង្ហាញអំពីដំណើរការវាយតម្លៃសមត្ថភាព ដោយជ្រើសរើសឯកតាសមត្ថភាព (Unit of Competency) ណាមួយ ស្របតាមប្រអប់បណ្តុះបណ្តាលអាស៊ាន ដើម្បីធ្វើការវាយតម្លៃក្នុងរយៈពេល ២០ នាទី។ សកម្មភាពនេះ ផ្តោតលើការអនុវត្តជាក់ស្តែង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងរបស់សិក្ខាកាម ក្នុងនាមជាអ្នកវាយតម្លៃបង្គោលជាតិ។
ក្នុងដំណើរការនេះ សិក្ខាកាមបានរៀបចំឯកសារសំខាន់ៗសម្រាប់ការវាយតម្លៃ រួមមាន៖
១.ផែនការវាយតម្លៃ (Assessment Plan) – កំណត់គោលបំណង វិសាលភាព វិធីសាស្ត្រ ពេលវេលា ទីកន្លែង ធនធាន និងដំណើរការវាយតម្លៃ។
២.តារាងម៉ាទ្រីសនៃការវាយតម្លៃ (Assessment Matrix) – ភ្ជាប់ធាតុសមត្ថភាព លក្ខខណ្ឌវិនិច្ឆ័យ ភស្តុតាងដែលត្រូវប្រមូល និងវិធីសាស្ត្រវាយតម្លៃ ដើម្បីធានាថាការវាយតម្លៃគ្របដណ្តប់គ្រប់សមត្ថភាពដែលបានកំណត់។
៣.ឧបករណ៍វាយតម្លៃ (Assessment Tools) – រួមមានបញ្ជីសង្កេត (Observation Checklist) សំណួរសម្ភាសន៍ (Oral/Written Questions) កិច្ចការអនុវត្ត (Practical Task) និងឯកសារគាំទ្រផ្សេងៗ សម្រាប់វាស់វែងសមត្ថភាពរបស់បេក្ខជន។
៤.សន្លឹកកត់ត្រាលទ្ធផលនៃការវាយតម្លៃសមត្ថភាព (Competency Recording Sheet) – ប្រើសម្រាប់កត់ត្រាភស្តុតាង លទ្ធផលវាយតម្លៃ និងសេចក្តីសម្រេចចុងក្រោយ ដោយផ្អែកលើស្តង់ដារសមត្ថភាព និងគោលការណ៍នៃការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ។
គួររំលឹកផងដែរថា តាមរយៈការអនុវត្តផ្ទាល់នៅថ្ងៃទី១៨-១៩ ខាងមុខ សិក្ខាកាមនឹងបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្ររៀបចំផែនការ ការកំណត់លក្ខខណ្ឌវិនិច្ឆ័យនៃការវាយតម្លៃ ការប្រើប្រាស់ឧបករណ៍វាយតម្លៃឱ្យស្របតាមស្តង់ដារ ព្រមទាំងការកត់ត្រាលទ្ធផលប្រកបដោយតម្លាភាព និងវិជ្ជាជីវៈខ្ពស់ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារវាយតម្លៃដែលអាចទទួលស្គាល់គ្នាទៅវិញទៅមកនៅក្នុងតំបន់អាស៊ាន។






















































