ថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ ក្រោមក្របខណ្ឌគណៈកម្មការគ្រប់គ្រងកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា - HoKa) សហការជាមួយអង្គការស្វីសខន់ថេក (Swisscontact) បានរៀបចំសិក្ខាសាលាបច្ចេកទេស និងឆ្លុះបញ្ចាំងអំពីការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់។
សិក្ខាសាលារយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងឆ្លុះបញ្ចាំងរាល់សកម្មភាពអនុវត្តនាពេលកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ សំដៅធានាឱ្យបាននូវនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជន និងបុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ច។
សិក្ខាសាលានេះ បានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើការងារបច្ចេកទេសសំខាន់ៗ រួមមាន៖
១. ការផ្សព្វផ្សាយគោលការណ៍ការពារពីការកេងប្រវ័ញ្ច និងការបៀតបៀនផ្លូវភេទ (PSEAH) ក្នុងកម្មវិធីហូកា
២. ការពង្រឹងការងារទំនាក់ទំនង ផ្សព្វផ្សាយ និងការគ្រប់គ្រងផែនការហិរញ្ញវត្ថុ
៣. ការបង្ហាញពីវឌ្ឍនភាពការងារ «ហូកា បៃតង» (Green HoKa)
៤. ការពិនិត្យលើផែនទីទេសចរណ៍ ការឆ្លុះបញ្ចាំងពីដំណើរការបណ្តុះបណ្តាល និងការប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម
៥. ការវិភាគ SWOT យ៉ាងលម្អិតលើវិស័យទេសចរណ៍ក្នុងខេត្តគោលដៅទាំង ១២ ដើម្បីប្រមូលធាតុចូល បូកសរុប និងដាក់ចេញទិសដៅអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព
លទ្ធផលដែលទទួលបានពីសិក្ខាសាលានេះ នឹងក្លាយជាត្រីវិស័យ និងជាមេរៀនបទពិសោធន៍ដ៏សំខាន់សម្រាប់ក្រសួងទេសចរណ៍ អង្គការស្វីសខន់ថេក ព្រមទាំងមន្ទីរទេសចរណ៍ និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងខេត្តគោលដៅទាំង១២ យកទៅអនុវត្ត និងពង្រឹងសមត្ថភាពបណ្តុះបណ្តាល សំដៅឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ។












































































