ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការ និង ឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្ត និងជាតំណាងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “សេវាកម្មប្រណិត ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនិងពីធីការជាតិ-អន្តរជាតិ” នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិតប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោកនាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក លោក លោកស្រី ជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ គ្រូបង្គោល សិក្ខាកាម មន្រ្តីជំនាញ សរុបប្រមាណ ១៣០នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថាកន្លងមកក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសខេត្តកំពង់ធំនេះផ្ទាល់ ដោយក្នុងនោះតាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រោមកិច្ចសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) និងទទួលបានសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) យើងបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ក្នុងខេត្តកំពង់ធំរួមមាន៖
១.ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ មានសិក្ខាកាមសរុប ៤០នាក់ (ស្រី ២៧នាក់)
២.ជំនាញការិយាល័យជួរមុខ មានសិក្ខាកាមសរុប ២១នាក់ (ស្រី ១៦នាក់)
៣.ជំនាញចុងភៅ មានសិក្ខាកាមសរុប ២១នាក់ (ស្រី ១១នាក់)
៤.ជំនាញគេហកិច្ច ខេត្តកំពង់ធំវគ្គ២ មានសិក្ខាកាមសរុប ២២នាក់ (ស្រី ១៧នាក់)
៥.ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងចុងភៅ សម្រាប់សហគមន៍ទេសចរណ៍សម្បូរព្រៃគុក មានសិក្ខាកាមសរុប ២៦នាក់ (ស្រី ២៣នាក់)
៦.ជំនាញគេហកិច្ច សម្រាប់សហគមន៍ទេសចរណ៍សម្បូរព្រៃគុក មានសិក្ខាកាមសរុប ៣១នាក់ (ស្រី ២០នាក់)
គ្រូបង្គោលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) មានសិក្ខាកាមសរុប ២៧នាក់ (ស្រី ១៧នាក់)។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមសរុប ៨០នាក់ (ស្រី ២៦នាក់) ដែលមកពីមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមបង្រៀនដោយគ្រូឧទ្ទេសចំនួន ៣រូប ទៅលើមេរៀនដូចជា៖
១.សេវាកម្មប្រណិត ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ បង្រៀនដោយ លោក សាំង ចន្ធូ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និង លោក ឈាន សុផល ស្ថាបនិកសាលាស្រាក្រឡុកកម្ពុជា(CCS)
២.ពិធីការជាតិ-អន្តរជាតិ បង្រៀនដោយ ឯកឧត្តមសាស្ត្រចារ្យ អិន សុផល។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅខេត្តកំពង់ធំ ជាពិសេសអ្នកបម្រើការងារនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីបង្កើនគុណភាពសេវាកម្ម ស្របតាមតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមលើកកម្ពស់ស្តង់ដារសេវាកម្ម និងភាពទាក់ទាញរបស់ខេត្តកំពង់ធំ ក្នុងនាមជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល។



















